(ស៉ីដនី)៖ នៅថ្ងៃសុក្រនេះ អូស្រ្តាលីបាននិយាយថា ខ្លួននឹងដាក់កងឧទ្ធម្ភាគចក្រ តៃប៉ង់ (Taipan) ឱ្យចូលនិវត្តន៍លឿនជាងការរំពឹងទុក បន្ទាប់ពីករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ ១គ្រឿង នៅក្បែរឆ្នេរភាគខាងកើតប្រទេសកាលពីខែកក្កដា អំលុងការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលបានផ្តាច់ជីវិតសមាជិកយោធាអូស្រ្តាលី៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា កងឧទ្ធម្ភាគចក្រ Taipan នឹងមិនវិលត្រឡប់មកហោះហើរបំពេញប្រតិបត្តិការវិញឡើយ ខណៈកន្លងមកទីក្រុងកង់បេរ៉ា បានគ្រោងចូលនិវត្តកងឧទ្ធម្ភាគចក្រនេះ នៅខែធ្នូ ឆ្នាំ២០២៤។ អូស្រ្តាលីបានបញ្ឈរជើង កងឧទ្ធម្ភាគចក្រ Taipan របស់ខ្លួន ក្រោយ១គ្រឿង បានធ្លាក់ចូលក្នុងសមុទ្រកាលពីខែកក្កដា នៅក្បែរឆ្នេររដ្ឋ Queensland។ ពួកវាជាផលិតផលរបស់ក្រុមហ៊ុន NHIndustries ដែលមានមូលដ្ឋាននៅប្រទេសបារាំង និងគ្រប់គ្រងរួមគ្នាដោយក្រុមហ៊ុន Airbus និងក្រុមហ៊ុន Lenonardo របស់អ៉ីតាលី។
គួរបញ្ជាក់ថា កាលពីខែមករា ដើមឆ្នាំនេះ អូស្រ្តាលីបាននិយាយថា ខ្លួននឹងទិញឧទ្ធម្ភាគចក្រយោធា Black Hawk ៤០គ្រឿង ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ក្នុងតម្លៃប្រហែល២.៨ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង១.៨០ពាន់លានដុល្លារអាមេរិក។ អូស្រ្តាលីគ្រោងយកឧទ្ធម្ភាគចក្រ Black Hawk ទាំងនោះ មកប្រើប្រាស់ជំនួសកងឧទ្ធម្ភាគចក្រ Taipan ដែលត្រូវបានធ្វើទុក្ខដោយបញ្ហាផ្នែកជួសជុលថែទាំ ជាច្រើនឆ្នាំមកហើយ។ បើតាមលោក Marles អូស្រ្តាលីបានដាក់ពង្រាយឧទ្ធម្ភាគចក្រ Taipan សរុប៤៧គ្រឿង៕
">
រូបភាពពីកងទ័ពជើងទឹកអូស្រ្តាលី