(មូស្គូ)៖ ឯកសារដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរុស្ស៉ី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា រុស្ស៉ីគ្រោងបង្កើនការចំណាយទៅលើវិស័យការពារជាតិក្នុងអត្រាជិត៧០ភាគរយ នៅឆ្នាំ២០២៤ ខណៈទីក្រុងមូស្គូបាននិងកំពុងបង្ហូរធនធាន ទៅក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅឯអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំមុនមក រុស្ស៉ីបានខិតខំបង្កើនការផលិតសព្វាវុធ និងបញ្ចូលថវិកាយ៉ាងច្រើនទៅលើកងកម្លាំងយោធារបស់ខ្លួន បើទោះបីជា ប្រទេសត្រូវនឹងអតិផរណាខ្ពស់ ហើយតម្លៃប្រាក់រូប្លិ៍ធ្លាក់ចុះក៏ដោយ។ ឯកសារខាងលើបានបង្ហាញឱ្យឃើញថា ការចំណាយសម្រាប់វិស័យការពារជាតិរុស្ស៉ី នៅឆ្នាំ២០២៤ នឹងត្រូវដំឡើង៦៨ភាគធៀបនឹងឆ្នាំ២០២៣នេះ គឺទៅដល់ជិត១០.៨ទ្រីលានរូបិ៍្ល ឬស្មើនឹង១១១.៥ពាន់លានដុល្លារអាមេរិក។ វាស្មើនឹងប្រហែល ៦ភាគរយនៃអត្រា GDP របស់ប្រទេសរុស្ស៉ី និងច្រើនជាងកញ្ចប់ថវិកាដែលត្រូវបានបែងចែក សម្រាប់គោលនយោបាយសង្គម។
គួរបញ្ជាក់ថា យោងតាមការគណនារបស់ AFP ការចំណាយលើវិស័យការពារជាតិរុស្ស៉ីឆ្នាំ២០២៤ នឹងមានចំនួនលើសការចំណាយសម្រាប់ វិស័យអប់រំ ការគាំពារបរិស្ថាន និងសុខាភិបាលសរុបញ្ចូលគ្នា ដល់ទៅប្រមាណ៣ដង។ ការបង្កើនកញ្ចប់ថវិកាយោធាខាងលើ គឺកើតមានស្របពេលធនាគារកណ្តាលរុស្ស៉ី បានព្រមានថាកំណើនសេដ្ឋកិច្ច នឹងជួបការថមថយ នៅឆមាសទី២នៃឆ្នាំ២០២៣ ហើយអតិផរណា ស្ថិតនៅលើសគោលដៅ៤ភាគរយ របស់ធនាគារ។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងក្រុមមន្រ្តីរុស្ស៉ី ភាគច្រើនមិនបានទទួលស្គាល់ពីផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែន ទៅលើសេដ្ឋកិច្ចរុស្ស៉ីនោះទេ ដោយអះអាងថា រុស្ស៉ីទណ្ឌកម្មរបស់លោកខាងលិច ហាក់គ្មានប្រសិទ្ធិភាពឡើយ៕
រូបភាពពី Le Monde