(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចប្រជុំកំពូលសេតវិមានជាមួយបណ្តាមេដឹកនាំប្រទេសដីកោះក្នុងតំបន់ប៉ាស៉ីហ្វិក ក្នុងសប្តាហ៍នេះទទួលបានជោគជ័យ ហើយថាទីក្រុងវ៉ាស៊ីនតោនស្តាប់យោបល់របស់តំបន់នេះ ដោយមិនស្នើឲ្យប្រទេសនានាជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានាធិបតី លោក ចូ បៃដិន បានជួបបណ្តាមេដឹកនាំនៅថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំ និងបានសន្យាវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធនានា រួមទាំងខ្សែកាបក្រោម បាតសមុទ្រ ដោយក្រុមមន្រ្តីអាមេរិកនិយាយថា ជាផ្នែកមួយនៃការទាញចំណាប់អាម្មណ៍ដែលមានគោលបំណងទប់ស្កាត់ផ្លូវចូលរបស់ចិន មកក្នុងតំបន់ដែល មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក។

លោក បៃដិន ក៏បានសន្យាធ្វើការជាមួយសភាដើម្បីផ្តល់មូលនិធិចំនួន ២០០លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងនានា ក្នុងគោលបំណងកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំរុញកំណើនសេដ្ឋកិច្ច ប្រឆាំងនឹងការនេសាទខុសច្បាប់ និងការកែលម្អសេវាសុខភាពសាធារណៈ។

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសហ្វីជី ប៉ាពូអាស៉ីនូវែលហ្គីណេ តុងហ្កា ញូកាលីដូនៀ កោះឃុក គីរីបាទី នីយូ សាម័រ សហព័ន្ធរដ្ឋមីក្រូណេស៉ី កោះម៉ាស្យល ប៉ូលីណេស៊ី ហ្វេ្រនប៉ូលីណេស៉ី (French Polynesia) ណាអ៊ូរូ ទូវ៉ាលូ និងប៉ាឡាវ បានចូលរួមកិច្ចប្រជុំកំពូលនេះ។ ចំណែកនាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណេសសេហ៍ សូហ្កាវ៉ា មិនបានចូលរួមប្រជុំឡើយ ដោយនិយាយថាព្រោះតែមិនចង់ស្តាប់ការស្តីប្រដៅពីស្តង់ដាររបស់សហរដ្ឋអាមេរិក៕

">

រូបភាពពី AFP