(ខាទុំ)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរដែលមានមូលដ្ឋានក្នុងប្រទេសរុស្ស៉ី និងបុគ្គលម្នាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាបានជំរុញឲ្យមានអស្ថិរភាពនៅស៊ូដង់ ខណៈការប្រយុទ្ធគ្នាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងបង្ខំឱ្យមនុស្សរាប់លាននាក់ ភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើលោក អាលី ខាទី (Ali Karti) អតីតរដ្ឋមន្ត្រីការបរទេសក្រោមអាណត្តិដឹកនាំរបស់លោក បាសៀ (Bashir) និងដែលបានក្លាយជាមេដឹកនាំនៃចលនាតស៊ូមួយនៅស៊ូដង់ បន្ទាប់ពីលោក បាសៀ ត្រូវទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១៩។ លោក ខាទី គឺជាឥស្សរជន ដ៏លេចធ្លោមួយរូបក្នុងចំណោមអ្នកស្មោះត្រង់នឹងលោក Bashir ហើយបានធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍របស់ពួកគេ និងទទួលបានអំណាច មួយចំនួនឡើងវិញបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ពីសំណាក់កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF)។

លោក ប្រាយអែន ណេលសុន (Brian Nelson) អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអាមេរិកទទួលបន្ទុកព័ត៌មានសម្ងាត់ពីភេរវកម្ម និងហិរញ្ញវត្ថុ បានបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះ ត្រូវតែមានអ្នកទទួលខុសត្រូវចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់។ យើងនឹងបន្តកំណត់គោលដៅលើតួអង្គដែលជួយបន្តជម្លោះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»

គួរបញ្ជាក់ថា នេះជាចំណាត់ការថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែមេសា ដោយសារតែផែនការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើសមាហរណកម្មកងកម្លាំង RSF ទៅក្នុងជួរកងទ័ពស៊ូដង់៕