(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកនឹងផ្ដល់ប្រាក់រង្វាន់ ៥លានដុល្លារ សម្រាប់ ការផ្ដល់ព័ត៌មានដែលនាំរកទៅការចាប់ខ្លួនអ្នកនៅពីក្រោយការបាញ់សម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ លោក ហឺ្វណាន់ដូ វីយ៉ាវីសិនត្យូ (Fernando Villavicencio)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន France 24 ​នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក Villavicencio ជាអតីតសមាជិកសភា និងជាអ្នកកាសែតម្នាក់ដែលធ្វើយុទ្ធនាការប្រឆាំងនឹងអំពើរលួយ ត្រូវបានគេបាញ់សម្លាប់ក្នុងរដ្ឋធានី គីតូ កាលពីថ្ងៃទី៩ ខែសីហា ក្នុងពេលមិនដល់ ២សប្ដាហ៍ផង មុនការបោះឆ្នោតប្រធានាធិបតី។ ប៉ូលិសអេក្វាទ័រ បានចាប់ខ្លួនជនសង្ស័យ ៦នាក់ដែលត្រូវបាន រាយការណ៍ថាជាជនជាតិកូឡុំប៊ីទាំងអស់ និងមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន។

បន្ថែមពីលើប្រាក់រង្វាន់ ៥លានដុល្លារ លោក Blinken ក៏បានប្រកាសផងដែរពីប្រាក់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មាននាំទៅរកការកំណត់អត្តសញ្ញាណ ឬក៏កំណត់ទីតាំងរបស់បុគ្គលដែលជាមេកើយ ឬអ្នកទទួលខុសត្រូវចម្បងចំពោះការស្លាប់របស់លោក Villavicencio។

គួរបញ្ជាក់ថា បើតាមលោក Blinken សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ប្រជាជនអេក្វាទ័រ និងសហការដើម្បីកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនដែល ចង់បំផ្លាញដំណើរការប្រជាធិបតេយ្យ ដោយការប្រព្រឹត្តអំពើហិង្សា៕