(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាការសម្រេចចិត្តរបស់ហ្វីលីពីន ក្នុងការដករបាំងបណ្ដែតទឹករបស់ចិន ចេញពីតំបន់វិវាទថ្មប៉ប្រះទឹក Scarborough Shoal នៅសមុទ្រចិនខាងត្បូង គឺជាភាពអង់អាចក្លាហានដើម្បីការពារអធិបតេយ្យរបស់ខ្លួនឯង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានអះអាងពីការដករបាំងបណ្ដែតទឹករបស់ចិនដោយជោគជ័យ ហើយចាត់ទុកថារបាំងបណ្ដែតទឹកមានប្រវែងជាង៣០០ម៉ែត្រ ដំឡើងដោយឆ្មាំសមុទ្រចិននៅឯតំបន់មានវិវាទនេះ ជាទង្វើបំពានច្បាប់អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរ។ ប៉ុន្តែ ទីក្រុងប៉េកាំងក៏បានព្រមានដែរថាកុំឱ្យ ទីក្រុងម៉ានីលបង្កឱ្យមានបញ្ហា។

យ៉ាងណាក៏ដោយ ជាការបង្ហាញការគាំទ្រដល់ហ្វីលីពីន ឧបការីរងនៃក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោកស្រី Lindsey Ford បានកោតសរសើរយ៉ាងខ្លាំងដល់ហ្វីលីពីន អំឡុងការផ្ដល់សក្ខីកម្មមួយនៅឯសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយការបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខនៃសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ថា ក្រសួងការបរទេសចិន បានចេញមុខការពារសកម្មភាពនៃឆ្មាំសមុទ្ររបស់ខ្លួន ថាជាវិធានការចាំបាច់ បន្ទាប់ពីទូកនេសាទហ្វីលីពីនជាច្រើនគ្រឿង បានបំពានចូលដែនទឹកចិនដោយខុសច្បាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ឧប្បតិ្តហេតុនេះបាននិងកំពុងធ្វើទំនាក់ទំនងរវាងហ្វីលីពីន និងចិនកាន់តែតានតឹង ឡើង ស្របពេលទីក្រុងម៉ានីល កំពុងពន្លឿនការពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក៕

រូូបភាពពី AP