(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថាលោកផ្ទាល់ជឿថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងលើកឡើងពីអំពើឃាតកម្មលើមេដឹកនាំផ្ដាច់ខ្លួន Sikh ម្នាក់ នៅពេលដែលរូបលោកបានជួបជាមួយសមាភាគីឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍មួយរបស់សហរដ្ឋអាមេរិកចេញផ្សាយនៅបន្ទាប់ពីជំនួបនោះ មិនបានលើកឡើងពីបញ្ហានេះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក Justin Trudeau ធ្វើការកត់សម្គាល់ខាងលើ ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកេប៊ិច (Quebec) តែជាង១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាណាដាសង្ស័យ ថាឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ម្នាក់ ឈ្មោះ Hardeep Singh Nijjar ក្នុងខេត្ត British Columbia កាលពីខែមិថុនា កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរថាលោកនឹងលើកយកសំណុំរឿងឃាតកម្មលើលោក Nijjar ក្នុងជំនួបជាមួយលោក Jaishankar ដែរឬក៏យ៉ាងណា ? លោក Blinken បានត្រឹមឆ្លើយថា «សហរដ្ឋអាមេរិកពិតណាស់នឹងពិភាក្សាពីបញ្ហានេះជាមួយរដ្ឋាភិបាលឥណ្ឌា»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយក្រោយជំនួបរវាងលោក Blinken និងសមភាគីឥណ្ឌា មិនបានលើកឡើងពី អំពើឃាតកម្មលើលោក Nijjar នោះទេ។

គួរបញ្ជាក់ថា លោក Nijjar គឺជាពលរដ្ឋកាណាដាម្នាក់ ប៉ុន្តែឥណ្ឌាបានចាត់ទុករូបលោកជាភេរវករ ដោយចោទថាលោក Nijjar គាំទ្រចលនា Khalistan ដែលជាចលនា ទាមទារផ្ដាច់ទឹកដីចង់បង្កើតរដ្ឋឯករាជ្យមួយនៅក្នុងទឹកដីឥណ្ឌា។ សម័ន្ធមិត្តរបស់កាណាដា រួមមានទាំងសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយជុំវិញការចោទប្រកាន់របស់កាណាដា ទៅលើឥណ្ឌា ខណៈអ្នកជំនាញយល់ថាមូលហេតុមួយផ្នែក នោះគឺដោយសារតែទីក្រុង វ៉ាស៊ីនតោន និងប្រទេសលោកខាងលិចដទៃ ចាត់ទុកឥណ្ឌាជាដៃគូមិនអាចខ្វះបាន ក្នុងការទប់ទល់នឹងការកើនឡើងឥទ្ធិពល ចិន។ ឥណ្ឌា បានច្រានចោលការចោទប្រកាន់របស់កាណាដា ហើយប្រទេសទាំង២ ក៏បានចាត់វិធានការបណ្ដេញមន្ត្រីទូតដាក់គ្នាទៅវិញទៅមកផងដែរ៕

រូបភាពពី AP