(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការប្រាកដនិយមដើម្បីបង្កើតលក្ខខណ្ឌ ក្នុងការនាំទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវ​វិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner ដែលបាននិយាយថា កម្រិតប្រតិបត្តិនៃយោធាទាំងពីរខ្វះបណ្តាញទំនាក់ទំនងច្បាស់លាស់ និងជាប់លាប់។

លោក Wu បានឆ្លើយតបថា យោធាចិន និងសហរដ្ឋអាមេរិកបានរក្សាការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ និងមានប្រសិទ្ធភាពតាមរយៈបណ្តាញការទូត។ លោកបាននិយាយដូច្នេះថា «អ្វីដែលសហរដ្ឋអាមេរិកមិនមាន គឺមិនមែនជាបណ្តាញទំនាក់ទំនងនោះទេ ប៉ុន្តែភាពក្លាហាន និងសកម្មភាពជាក់ស្តែងដើម្បីប្រឈមមុខនឹងការពិតដោយយុត្តិធម៌ និងកែតម្រូវកំហុសរបស់ខ្លួន»៕

រូបភាពពី CGTN