(កៀវ)៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្ងៃព្រហស្បតិ៍ នេះ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីស្ថានភាពសង្រ្គាម និងតម្រូវការកងទ័ព មួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនថា បានជួយរៀបចំផែនការ និងអនុវត្តការវាយប្រហារមីស៊ីលកាលពីសប្តាហ៍មុន លើទីស្នាក់ការកងនាវាសមុទ្រខ្មៅនៅឧបទ្វីបគ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក Zelensky បាននិយាយថា លោក Stoltenberg បានយល់ព្រមក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលសមាជិកណាតូឱ្យជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី កាលពីរដូវរងារមុន។

លោក Zelensky បាននិយាយដូច្នេះថា «នៅពេលប្រឈមមុខនឹងការវាយប្រហារដ៏ខ្លាំងក្លាបែបនេះប្រឆាំងនឹងជនជាតិអ៊ុយក្រែន និងប្រឆាំងនឹងទីក្រុង និងកំពង់ផែរបស់យើង ដែលមានសារៈសំខាន់សម្រាប់សន្តិសុខស្បៀងអាហារពិភពលោក យើងត្រូវការដាក់សម្ពាធស្រដៀងគ្នាលើប្រទេសរុស្ស៊ី និងការពង្រឹងការការពារដែនអាកាសរបស់យើ»។

នាឱកាសនោះដែរ លោក Stoltenberg បាននិយាយថា ណាតូមានកិច្ចសន្យាដែលមានតម្លៃ ២.៤ ពាន់លានអឺរ៉ូ (២.៥ ពាន់លានដុល្លារ) នៃគ្រាប់រំសេវសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់ផ្លោង កាំជ្រួចប្រឆាំងរថក្រោះ និងគ្រាប់រំសេវរថក្រោះ។

លោកបានសង្កត់ធ្ងន់ទៀតថា «អ៊ុយក្រែនកាន់តែរឹងមាំ យើងកាន់តែខិតជិតដល់ការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។ រុស្ស៊ី​អាច​ដាក់​អាវុធ និង​បញ្ចប់​សង្គ្រាម​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែអ៊ុយក្រែនមិនមានជម្រើសនេះទេ។ ការចុះចាញ់របស់អ៊ុយក្រែននឹងមិនមានន័យថាសន្តិភាពទេ។ នេះមានន័យថាជាការកាន់កាប់របស់រុស្ស៊ីដ៏ឃោរឃៅ...»

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារលើទីស្នាក់ការកណ្តាលកងនាវាចរសមុទ្រខ្មៅនៅគ្រីមៀកាលពីសប្តាហ៍មុន ត្រូវបានសម្របសម្រួលដោយមានជំនួយពីទីភ្នាក់ងារសន្តិសុខអាមេរិក និងអង់គ្លេស ហើយផ្កាយរណប និងយន្តហោះឈ្លបយកការណ៍របស់អង្គការណាតូ ក៏បានដើរតួនាទីផងដែរ៕

រូបភាពពី AP