(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ ទាហានអាមេរិកម្នាក់ឈ្មោះ Travis King បានធ្វើដំណើរទៅដល់ មូលដ្ឋានយោធាមួយកន្លែងហើយ នៅរដ្ឋតិចសាស់ បន្ទាប់ពីត្រូវបានបណ្តេញចេញពីកូរ៉េខាងជើង ក្រោយរូបគេបាន​រត់ឆ្លងព្រំប្រទល់អន្តរកូរ៉េ ចូលទៅប្រទេសកុម្មុយនិស្តឯកោមួយនោះ កាលពី២ខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

CNN ដែលផ្អែកលើសម្តីមន្រ្តីក្រសួងការពារជាតិអាមេរិក បានរាយការណ៍ថា លោក King បានមកដល់តាមជើងហោះហើរយោធាអាមេរិក ដែលបានចុះចតនៅឯមូលដ្ឋានយោធា Joint Base San Antonio-Fort Sam Houston។ រដ្ឋាភិបាលស៊ុយអែត ដែលបានជួយ​តំណាងឱ្យអាមេរិក ដោយសារតែទីក្រុងវ៉ាស៉ីនតោនគ្មានបេសកកម្មការទូតនៅទីនោះ បានទទួលយកលោក King នៅកូរ៉េខាងជើង ហើយ​នាំលោកទៅកាន់ប្រទេសចិន។

បើតាមក្រសួងការបរទេសអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង បានជួបលោក King នៅទីក្រុងដានទុង (Dandong) ជាទីក្រុង​មួយរបស់ចិន ស្ថិតនៅជាប់ព្រំប្រទល់ជាមួយកូរ៉េខាងជើង។ បន្ទាប់មក លោក King បានធ្វើដំណើរតាមយន្តហោះពីទីនោះ ទៅកាន់ទីក្រុង​សិនយ៉ាង (Shenyang) នៃប្រទេសចិន រួចហើយចេញពីទីនោះ ទៅកាន់មូលដ្ឋានយោធា Osan Air Force Base នៅកូរ៉េខាងត្បូង មុនបន្តដំណើរឆ្ពោះត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។

លោក King វ័យ២៣ឆ្នាំ បានរត់ពីកូរ៉េខាងត្បូងចូលទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែកក្កដា ពេលស្ថិតក្នុងក្បួនទេសចរណ៍ស៉ីវិល​មួយ នៅតំបន់ព្រំប្រទល់អន្តរកូរ៉េ ហើយក៏ត្រូវបានក្រុមទាហានកូរ៉េខាងជើងចាប់ឃាត់ខ្លួនភ្លាមៗ។ មិនមានការបញ្ជាក់លម្អិតច្បាស់ឡើយ ជុំវិញការដោះលែងរូបលោក ប៉ុន្តែកូរ៉េខាងជើងហាក់បានចាត់ទុក ករណីនេះគឺជាករណីអន្តោប្រវេសន៍ខុសច្បាប់។ ទីភ្នាក់ងារព័ត៌មានរដ្ឋ​របស់កូរ៉េខាងជើង KCNA បាននិយាយថា លោក King បានប្រាប់ទីក្រុងព្យុងយ៉ាងថា លោកបានរត់ចូលកូរ៉េខាងជើងដោយខុសច្បាប់ ដោយសារតែភាពអយុត្តិធម៌និងការរើសអើងពូជសាសន៍ ក្នុងសង្គមអាមេរិក។

គួរបញ្ជាក់ថា លោក King ដែលបានចូលបម្រើជាសមាជិកកងទ័ពជើងគោកអាមេរិក កាលពីឆ្នាំ២០២១ បានប្រឈមការចោទប្រកាន់ពី ​បទប្រើប្រាស់ហិង្សានៅកូរ៉េខាងត្បូង។ លោកបានជាប់ឃុំឃាំងនៅក្នុងកូរ៉េខាងត្បូងអស់ប៉ុន្មានសប្តាហ៍នេះ ហើយត្រូវបញ្ជូនខ្លួនទៅទទួល​ការពិន័យបន្តនៅសហរដ្ឋអាមេរិក។ បន្ទាប់ត្រូវបានដោះលែង លោក King ត្រូវស្ថិតនៅព្រលានយន្តហោះកូរ៉េខាងត្បូង និងរង់ចាំជើងហោះហើរ​របស់យោធាអាមេរិក ដើម្បីធ្វើដំណើរត្រឡប់មកសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ទាហានអាមេរិករូបនោះ បែរជាលួចចាកចេញពីព្រលាន​យន្តហោះ ហើយបន្លំចូលក្បួនទេសចរណ៍ នៅតំបន់ព្រំប្រទល់អន្តរកូរ៉េ ជាទីដែលខ្លួនបានរត់ឆ្លងចូលទៅកាន់ដីកូរ៉េខាងជើងបានសម្រេច ទោះបីឆ្មាំកូរ៉េខាងត្បូងនិងអាមេរិក បានព្យាយាមឃាត់ក៏ដោយ៕

">

រូបភាពពី CNN