(បាគូ)៖ មេដឹកនាំនៃតំបន់ Nagorno-Karabakh ក្នុងប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃអង្គារនេះ បានដាក់បញ្ជាឱ្យរំលាយស្ថាប័នរដ្ឋនានាចោលទាំងអស់ នៅត្រឹមដំណាច់ឆ្នាំនេះ ហើយប្រកាសថា Nagorno-Karabakh នឹងលែងមានឋានៈជាសាធារណរដ្ឋឬតំបន់ផ្តាច់ខ្លួនទៀតហើយ ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក សាមវេល សារ៉ាម៉ានយ៉ាន (Samvel Shahramanyan) ដែលជាមេដឹកនាំតំបន់ Nagorno-Karabakh បានចេញក្រឹត្យមួយ ដែលបង្គាប់ឱ្យស្ថាប័នរដ្ឋានានា ត្រូវតែរំលាយចោលទាំងអស់នៅត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយឋានៈជាសាធារណរដ្ឋ Nagorno-Karabakh ឬហៅថា (Artsakh) នឹងលែងមានទៀតហើយ។ ការចេញក្រឹត្យខាងលើ គឺស្របពេលដែលជនជាតិអាមេនី បន្តកើនដល់ជាង ៦៥,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីតំបន់ Nagorno-Karabakh ទៅកាន់ប្រទេសអាមេនី ចាប់តាំងពីអាស៊ែបៃហ្សង់បានបើក​ប្រតិបត្តិការយោធា ដើម្បីគ្រប់គ្រងតំបន់ផ្តាច់ខ្លួននោះ កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh ដែលស្ថិតក្នុងប្រទេសអាស៊ែបៃហ្សង់ គឺត្រូវអន្តរជាតិទទួលស្គាល់ជា ទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរដោយជនជាតិអាមេនីរស់នៅ សរុបប្រមាណ១២០,០០០នាក់។ Nagorno-Karabakh បានប្រកាសខ្លួនឯងជាតំបន់ផ្តាច់ខ្លួន តាំងតែពីឆ្នាំ១៩៩១មក៕

រូបភាពពី Aljazeera

រូបភាពពី AFP