(ហាណូយ)៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៃប្រទេសវៀតណាម បានសម្រេចផ្តន្ទាទោសសកម្មជនបរិស្ថានម្នាក់ ឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ ក្រោមបទចោទប្រកាន់គេចពន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោកស្រី ហ័ង ធីមិញហុង (Hoang Thi Minh Hong) ជាប្រធានអង្គការមួយសំដៅលើកកម្ពស់កិច្ចការពារបរិស្ថាន ដែលលោកស្រីបានបង្កើតឡើងកាលពីឆ្នាំ២០១៣ និងគ្រប់គ្រងរហូតដល់ឆ្នាំ២០២២ បានទទួលរងការចោទប្រកាន់ពីបទគេចវេះការបង់ពន្ធសរុបចំនួន ៦.៧ពាន់លានដុង ឬស្មើនឹង២៧៤,៤៨៨ដុល្លារ ចាប់ពីអំលុងឆ្នាំ២០១២ ដល់ឆ្នាំ២០២២។
លោក បេន ស្វានតុន (Ben Swanton) ដែលជាសហប្រធានអង្គការសប្បុរសធម៌ The 88 Project បានលើកឡើងយ៉ាងដូច្នេះថា «ការផ្តន្ទាទោសខាងលើ គឺជាការឆបោកសុទ្ធសាធ... មិនគួរមានអ្នកចាញ់បោកការកាត់ទោសនេះទេ។ វាគឺជាឧទាហរណ៍ថ្មីមួយទៀត ដែលស្តែងឱ្យឃើញថា ច្បាប់ត្រូវបានប្រើប្រាស់ជាអាវុធ ដើម្បីដាក់ទោសទណ្ឌលើសកម្មជនបរិស្ថាន ដែលខិតខំតស៊ូដើម្បីជួយសង្រ្គោះពិភពលោក»។
គួរបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជនបរិស្ថានវៀតណាមខាងលើ កើតមានឡើងតែ២សប្តាហ៍ប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកកាន់ប្រទេសអាស៊ានមួយនេះ ហើយអំលុងពេលនោះ កិច្ចផ្តួចផ្តើមរួមជាច្រើនត្រូវបានប្រកាស ដែលមានទាំងការការពារសិទ្ធិមនុស្សផងដែរ៕
រូបភាពពី The 88 Project