(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់ទើបតែបញ្ចេញនាវាមុជទឹក១គ្រឿងដំបូង ដែលផលិតឡើងនៅក្នុងស្រុកផ្ទាល់ ដើម្បីពង្រឹងសមត្ថភាព​ការពារខ្លួន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្រោមគោលដៅត្រៀមទប់ទល់ការវាយប្រហាររបស់ចិន ដែលអាចកើតមានឡើងនាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន បានចូលរួមពិធីបញ្ចេញនាវាមុជទឹកខាងលើ ដែលប្រារព្ធឡើងនៅទីក្រុងកាវស៊ុង (Kaoshiung) នាថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី សៃ បានលើកឡើងដូច្នេះថា «គំនិតនៃការផលិតនាវាមុជទឹកនៅក្នុងស្រុក គឺពីមុនមកធ្លាប់ត្រូវបានគិតថា ជារឿងដែលមិនអាចទៅរួចនោះទេ ប៉ុន្តែឥឡូវយើងសម្រេចវាបានហើយ»។

នាវាមុជទឹកឈ្មោះ Haikun គឺជានាវាដើរដោយថាមពលប្រេងម៉ាស៊ូតនិងអគ្គិសនី ហើយបើយោងតាមក្រុមមន្រ្តីយោធាតៃវ៉ាន់ វានឹងឆ្លងកាត់​ការធ្វើតេស្តផ្សេងៗនៅក្នុងសមុទ្រ ហើយត្រូវបានរំពឹងថា នឹងប្រគល់ឱ្យទៅកងទ័ពជើងទឹកតៃវ៉ាន់ដើម្បីប្រើប្រាស់ នៅមុនដំណាច់ឆ្នាំ២០២៤។ នាវាមុជទឹក១គ្រឿងទៀត ក៏កំពុងស្ថិតក្រោមដំណើរការសាងសង់ផងដែរ ខណៈតៃវ៉ាន់មានគោលដៅធ្វើប្រតិបត្តិការនាវាមុជទឹកសរុប១០គ្រឿង ក្នុងនោះរួមមាន២គ្រឿង ដែលផលិតដោយហូឡង់ ហើយបំពាក់មីស៉ីលឱ្យពួកវា។

ក្រុមអ្នកវិភាគឯកភាពថា នាវាមុជទឹកថ្មីៗនឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ បើទោះបីជាប្រៀបធៀបជាមួយកងនាវាមុជទឹក​របស់ចិន គឺខុសគ្នាឆ្ងាយក៏ដោយ។ បច្ចុប្បន្ន ចិនត្រូវគេជឿថាមាននាវាមុជទឹកច្រើនជាង៦០គ្រឿង ក្នុងនោះមានទាំងនាវាមុជទឹកប្រយុទ្ធ ដែលដើរដោយថាមពលនុយក្លេអ៊ែរ ថែមទៀតផង។

កន្លងមក ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយជាមួយតៃវ៉ាន់ ដោយសន្តិវិធី ប៉ុន្តែមិនដែលបោះបង់ចោល នូវជម្រើសនៃការប្រើកម្លាំងយោធាឡើយ។ ទន្ទឹមគ្នា ចិនក៏បានព្រមានប្រឆាំងមិនឱ្យតៃវ៉ាន់​ប្រកាសឯករាជ្យជាផ្លូវការ និងប្រឆាំងការគាំទ្រនានាពីបរទេសផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានព្យាយាមដាក់សម្ពាធជាខ្លាំងទាំងផ្នែក​នយោបាយ និងយោធាលើដែនកោះនេះ៕

រូបភាពពី Getty Images