(ខាទុំ)៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសស៊ូដង់បានព្រមានថា ជំងឺអាសន្នរោគ និងជំងឺគ្រុនឈាមកំពុងរីករាលដាល ដោយសារតែរដូវភ្លៀងធ្លាក់ចូលមកដល់ និងផលប៉ះពាល់នៃសង្គ្រាមជាង ៥ខែ មកលើប្រព័ន្ធសុខាភិបាលដែលមានភាពទន់ខ្សោយស្រាប់។ នេះបើយោងតាមការចេញផ្សាដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

អាជ្ញាធរសុខាភិបាលស៊ូដង់ បានបញ្ជាក់ពីវត្តមានលើកដំបូងនៃជំងឺអាសន្នរោគ ចាប់តាំងពីសង្គ្រាមដណ្តើមអំណាចកើតឡើងនៅពាក់កណ្តាលខែមេសា ហើយ ករណីទី១ ត្រូវបានរកឃើញនៅក្នុងរដ្ឋអាល់ កាដារីហ្វ (al-Qadarif) កាលពីចុងខែសីហា។ មនុស្ស ១៨នាក់បានស្លាប់ និង២៦៥នាក់ ឆ្លងជំងឺអាសន្នរោគ នៅក្នុងរដ្ឋ al-Qadarif នេះ។

ក្រុមវេជ្ជបណ្ឌិតស៊ូដង់ ក៏បានឲ្យដឹងផងដែរថា ជំងឺគ្រុនឈាមចំនួន ៣,៣៩៨ករណីត្រូវបានកត់ត្រានៅទូទាំងរដ្ឋ al-Qadarif តំបន់សមុទ្រក្រហម រដ្ឋន័រ ខដូហ្វេន (North Kordofan) និងរដ្ឋធានីខាទុំ (Khartoum) នៅចន្លោះពាក់កណ្តាលខែមេសា និងពាក់កណ្តាលខែកញ្ញា។ ចំនួនទាំងនេះគ្រាន់តែតំណាង ឲ្យមួយភាគតូចប៉ុណ្ណោះ ហើយទាបជាងករណីសង្ស័យឆ្លងនៅក្នុងផ្ទះ និងអ្នកដែលមិនបានដឹង។ នេះអាចបណ្តាលមកពីការបំពុលទឹកដោយសាកសព ដែលមិនទាន់កប់ ក៏ដូចជាកាកសំណល់ និងកង្វះការរៀបចំសេវាសុខភាពមុនរដូវវស្សា។

គួរបញ្ជាក់ថា មនុស្សជាង ៤.២លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែសង្គ្រាម ហើយជិត ១.២លាននាក់បានឆ្លងចូលទៅប្រទេសជិតខាង សង្រ្គាមបានដាក់សម្ពាធយ៉ាងខ្លាំងលើស៊ូដង់ដែលមានធនធានតិចតួចស្រាប់ ខណៈភ្នាក់ងារផ្តល់ជំនួយជាអន្តរជាតិជួបប្រទះការខ្វះថវិកាយ៉ាងធ្ងន់ធ្ងរ។

បើតាមរបាយការណ៍មួយរបស់ UN កាលពីសប្តាហ៍មុន កុមារជាង ១,២០០នាក់បានស្លាប់ដោយសង្ស័យថាមានជំងឺកញ្ជ្រឹល និងជំងឺខ្វះអាហារូបត្ថម្ភ នៅក្នុង ជំរុំជនភៀសខ្លួនក្នុងរដ្ឋ White Nile នៃប្រទេសស៊ូដង់ ហើយថាជំងឺអាសន្នរោគ គ្រុនឈាម និងគ្រុនចាញ់បង្កហានិភ័យនៅទូទាំងប្រទេស។ គ្រុនឈាមគឺជា ជំងឺរាតត្បាតនៅស៊ូដង់ រីឯការទប់ស្កាត់ជំងឺនេះក្លាយជាក្តីបារម្ភរយៈពេលវែង៕

រូបភាពពី AFP