(ប្រាក)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានអនុម័តផែនការទិញយន្តហោះចម្បាំង F-35 ចំនួន ២៤គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងកិច្ចព្រមព្រៀងតម្លៃ ៦.៥ពាន់លានដុល្លារ និងជាការចំណាយផ្នែកការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ឆែក ដើម្បីបង្កើនសមត្ថភាពយោធា និងការ ធ្វើសមាហរណកម្មជាមួយណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីឆែក លោក ផេតថឺ ហ្វីយ៉ាឡា (Petr Fiala) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះថា យន្តហោះចម្បាំងបំបាំងកាយ F-35ដំបូងគេនឹងត្រូវបានប្រគល់នៅឆ្នាំ២០៣១ ហើយយោធាឆែកនឹងមានយន្តហោះទាំងអស់សរុប ២៤គ្រឿងនៅត្រឹមឆ្នាំ២០៣៥។

លោក ហ្វីយ៉ាឡា បានគូសបញ្ជាក់ថា «យន្តហោះចម្បាំង F-35 នឹងជួយដល់អនាគតនៃកងកម្លាំងអាកាសជាយុទ្ធសាស្ត្ររបស់យើង ក្នុងរយៈពេល រាប់សិបឆ្នាំទៅមុខទៀត។ សម្រាប់វិស័យការពារជាតិរបស់យើង វាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងរបស់យើងជាមួយសម្ព័ន្ធមិត្តណាតូ»

គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប និងណាតូ សាធារណរដ្ឋឆែក ដែលមានប្រជាជន ១០.៥លាននាក់ បានផ្តល់ជំនួយយោធាយ៉ាងច្រើន ដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាន ក្នុងនោះរួមមានយន្ដហោះចម្បាំង រថក្រោះ រថពាសដែក គ្រាប់រំសេវ និងកំាភ្លើងធំ។ តែជាការដោះដូរ ត្រឡប់មកវិញ ឆែកទទួលបានរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ សំណងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

រូបភាពពីក្រុមហ៊ុន Lockheed Martin