Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំសូឡូម៉ុន ថាមិនទៅចូលរួមកិច្ចប្រជុំរៀបចំដោយអាមេរិក គឺដោយសារមិនចង់ស្ដាប់ការស្ដីប្រដៅ (Video inside)

28-09-2023 10:42

(ស៊ីដនី)៖ មេដឹកនាំនៃប្រទេសដែនកោះសូឡូម៉ុន បាននិយាយថារូបលោកបានបដិសេធចូលរួមកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេស ដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកក្នុងសប្ដាហ៍នេះ គឺដោយសារតែមិនចង់ទៅ «ស្ដាប់ការស្ដីប្រដៅ» ពីស្តង់ដាររបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីប្រទេសដែនកោះសូឡូម៉ុន លោក Manasseh Sogavare ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមិនចង់ទៅអង្គុយនៅទីនោះ ហើយស្ដាប់គេប្រដៅខ្ញុំនោះទេ»។ ប៉ុន្តែ លោក Sogavare ក៏បានបញ្ជាក់ដែរថាលោកមាន កិច្ចការសំខាន់នៅក្នុងប្រទេសត្រូវដោះស្រាយ។ ចំណែក មន្ត្រីសេតវិមានម្នាក់ក៏បានបង្ហាញការសោកស្ដាយផងដែរ ដែលលោក Sogavare ជ្រើសរើសមិនចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏ពិសេសនេះ។

គួរបញ្ជាក់ថា លោក Sogavare​ ដែលបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កដែរនោះ មិនបានបន្តការស្នាក់នៅក្នុង សហរដ្ឋអាមេរិក ដើម្បីបន្តចូលរួមកិច្ចប្រជុំសហរដ្ឋអាមេរិក និងបណ្តាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក រៀបចំដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះនោះទេ។ ប្រទេសដែនកោះសូឡូម៉ុន ដែលសព្វថ្ងៃមានទំនាក់ទំនងស្និទ្ធស្នាលជាមួយចិន បានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ កាលពីឆ្នាំ២០១៩ ដើម្បីងាកទៅរកទីក្រុងប៉េកាំងវិញ៕

រូបភាពពី AFP