(កៀវ)​៖ អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញានេះបាននិយាយថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner រាប់រយនាក់បានត្រឡប់ទៅ កាន់តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធឡើងវិញ ប៉ុន្តែពួកគេមិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់នៅលើសមរភូមិនោះទេ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក សឺហ៉ី ឈែរេវ៉ាទី (Serhiy Cherevatyi) ជាអ្នកនាំពាក្យទីបញ្ជាការយោធាភាគខាងកើត បានគូសបញ្ជាក់ដូច្នេះថា «យើងបានប្រទះឃើញពី វត្តមានអ្នកប្រយុទ្ធរាប់រយនាក់មកពីទាហានស៊ីឈ្នួល Wagner ដោយត្រូវបានដាក់ពង្រាយរប៉ាត់រប៉ាយនៅតាមទីតាំងផ្សេងៗគ្នា ពោលគឺមិនមែនស្ថិត នៅជាអង្គភាពតែមួយនោះទេ ហើយក៏មិនមានឥទ្ធិពលអ្វីខ្លាំងនោះដែរ»

គួរបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធមកពីទាហានស៊ីឈ្នួលរុស្ស៉ី Wagner ធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការវាយដណ្ដើមកាន់កាប់ទីក្រុងបាកមូត កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែ ពួកគេបានចាកចេញពីសមរភូមិ បន្ទាប់ពីមានការបះបោរមិនបានសម្រេចមួយប្រឆាំងក្រសួងការពារជាតិរុស្ស៉ី កាលពីខែមិថុនា។ ក្រោយមកទៀត ថៅកែទាហានស៊ីឈ្នួលនេះ គឺលោក Yevgeny Prigozhin ស្រាប់តែបានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះក្នុង ប្រទេសរុស្ស៉ី កាលពីថ្ងៃទី២៣ ខែសីហា ក្នុងពេលដែលក្រសួងការពារជាតិរុស្ស៉ី កំពុងរឹតបន្តឹងការគ្រប់គ្រងលើក្រុមហ៊ុនទាហានស៊ីឈ្នួល៕

រូបភាពពី AFP