(មូស្គូ)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានធ្វើទស្សនកិច្ចនាំសារ សម្ងាត់របស់ លោក វ្លាឌីមៀរ ពូទីន ប្រាប់កងកម្លាំងរុស្ស៊ីនៅតំបន់សមរភូមិជួរមុខ មួយថ្ងៃបន្ទាប់ ពីអ៊ុយក្រែនបានប្រកាសការបញ្ជូនមកដល់រថក្រោះ Abrams អាមេរិក ដើម្បីជួយប្រយុទ្ធលើ សមរភូមិភាគខាងកើត។ មិនមានការបញ្ជាក់ថាតើសារសម្ងាត់ដែលលោកពូទីនដាក់បទបញ្ជា តាមរយៈលោក Dmitry Medvedev ប្រាប់កម្លាំងទាហានរុស្ស៊ីក្នុងតំបន់ប្រយុទ្ធនោះ មានអ្វីខ្លះទេ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ត្រូវគេរាយការណ៍ថា បានធ្វើ ទស្សនកិច្ចក្នុងតំបន់ជួរមុខសមរភូមិដូណេតស៍ មួយថ្ងៃក្រោយរថក្រោះ Abrams ទាំង៣១ គ្រឿងរបស់អាមេរិកបានដឹកមកដល់អ៊ុយក្រែន ក្នុងការត្រៀមលក្ខណៈជួយប្រយុទ្ធដណ្តើម យកទឹកដីដែលរុស្ស៊ីកាន់កាប់មកឱ្យអ៊ុយក្រែនវិញ។ ដំណើរទស្សនកិច្ចនោះត្រូវគេរាយការណ៍ថា ជាការនាំនូវសារបណ្តាំសម្ងាត់មួយរបស់លោកពូទីន ប្រាប់ទាហានរុស្ស៊ីនៅក្នុងតំបន់សមរភូមិមុខនោះ ប៉ុន្តែមិនមានការបង្ហាញថា តើខ្លឹមសារនៃសារសម្ងាត់នោះមានអ្វីខ្លះឡើយ។
លោក Dmitry Medvedev ដែលធ្លាប់ជាអតីតប្រធានាធិបតីរុស្ស៊ីបាននិយាយថា ដំណើរទស្សន កិច្ចរបស់លោកទៅកាន់តំបន់សមរភូមិមុខនាថ្ងៃអង្គារ៍ទី២៦កញ្ញានោះ គឺអនុវត្តតាមបទបញ្ជា របស់លោកប្រធានាធិប តីវ្លាឌីមៀរពូទីន។

លោក Dmitry Medvedev បានថ្លែងថា «អនុវត្តតាមការណែនាំរបស់លោកប្រធានាធិបីតី, ខ្ញុំ បានធ្វើទស្សនកិច្ចក្នុងតំបន់វាយប្រហារគ្នាក្បែរខ្សែទំនាក់ទំនងលើទឹកដីសាធារណរដ្ឋប្រជាមា និត Donetsk ។ ក្នុងអម្លុងពេលធ្វើទស្សនកិច្ចនេះ ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយទាហាន និងមន្ត្រីយោធា។ កម្លាំងរបស់យើងត្រូវបានហ្វឹកហ្វឺនក្នុងបច្ចេកទេសវាយប្រហារទំនើបដែលចាំបាច់»។ លោកបានថ្លែងទៀតថា «មានប្រជាជនជាង៣២ម៉ឺន៥ពាន់នាក់ ត្រូវបានជ្រើសរើស ចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីរវាងពីថ្ងៃទី១មករាឆ្នាំ២០២៣ ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ ២០២៣»

មន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើននាក់ បានទៅទស្សនាក្នុងតំបន់កាន់កាប់លើទឹកដីអ៊ុយក្រែន ចាប់ តាំងពីការវាយលុករបស់រដ្ឋាភិបាលក្រុងមូស្គូចាប់ផ្តើមកាលពីឆ្នាំមុន ក្នុងនោះក៏រួមទាំងលោក វ្លាឌីមៀរពូទីន ដែលបានធ្វើបំពេញទស្សនកិច្ចដោយមិនប្រកាសជូនដំណឹង ទៅកាន់កំពង់ផែ Mariupol ភាគអាគ្នេយ៍អ៊ុយក្រែនកាលពីខែមីនាឆ្នាំ២០២៣។ លោក Medvedev បានប្រាប់កិច្ចប្រជុំមន្ត្រីយោធារុស្ស៊ីក្រោយការបំពេញទស្សនកិច្ចនោះទៀត ថា លោកបានឃើញនូវ «កម្លាំងហ្វឹកហ្វឺនរុស្ស៊ីបានបង្ហាញនូវឆន្ទៈប្រយុទ្ធដ៏ល្អឥតខ្ចោះនិងភាព រឹងមាំក្នុងការឈានទៅរកជ័យជំនះ»

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រកាសថា រថក្រោះប្រយុទ្ធ Abrams នៃជំនួយរប​ស់សហរដ្ឋអាមេរិក បានដឹកទៅដល់អ៊ុយក្រែនហើយដើម្បីការចូលរួមក្នុង យុទ្ធនាការវាយលុករំដោះយកទឹកដីភាគខាងកើតដែលរុស្ស៊ីបានចូលគ្រប់គ្រង។
ក្នុងដំណើរទស្សនកិច្ចនោះ, លោក Medvedev បានបំពាក់ឯកសណ្ឋានយោធាដល់កម្លាំង ហ្វឹកហ្វឺនរបស់រុស្ស៊ីទាំងឡាយនោះ និងបានផ្តាំផ្ញើនូវបទបញ្ជាសម្ងាត់របស់លោកពូទីនចំពោះ ទាហានរុស្ស៊ីទាំងអស់ ដែលនឹងត្រូវត្រៀមលក្ខណៈប្រឈមនឹងការទប់ស្កាត់ការវាយលុក របស់អ៊ុយក្រែន ដែលទើបនឹងទទួលបានសម្ភារៈសឹកថ្មីពីសហរដ្ឋអាមេរិកនិងក្រុមបស្ចឹមប្រទេសជាបន្ថែមទៀត ដើម្បីយុទ្ធនាការវាយលុករដូវប្រាំងផងនិងការឈានបន្តចូលក្នុងយុទ្ធ នាការរដូវត្រជាក់ផងទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បន្ទាប់ពីបានធ្វើទស្សនកិច្ចលើទឹកដីសហរដ្ឋអាមេរិក និងបានជួបជាមួយ លោក ប្រធានាធិបតី ចូ បៃដិន ដែលស​ន្យាផ្តល់កញ្ចប់ជំនួយយោធា៣២៥ លានដុល្លារជាបន្ថែមទៀតនោះមក, បានថ្លែងក្នុងសប្តាហ៍នេះបញ្ជាក់ថា កញ្ចប់ជំនួយយោ ធាថ្មីដែលទទួលបានពីសហរដ្ឋអាមេរិក សម្រាប់យកមកប្រើប្រាស់នៅលើសមរភូមិប្រយុទ្ធនា ពេលនេះគឺរួមមានកាំភ្លើងផ្លោង Artillery, គ្រោងកាំភ្លើងផ្លោងដែលត្រូវការចាំបាច់, អាវុធ HIMARS , គ្រាប់រំសេវនានា, មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសនិងប្រព័ន្ធអាវុធ ការ ពារដែនអាកាសផ្តល់ជាបន្ថែម, យានយន្តប្រយុទ្ធលើសមរភូមិ និងអាវុធប្រភេទផ្សេងៗ ដទៃទៀត។ ការប្រកាសនេះបានទន្ទឹមនឹងការបញ្ជូនរថក្រោះ Abrams មកដល់ជាបន្ថែមទៀត សម្រាប់ជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានថ្លែងនៅមុនការដឹកមកដល់រថក្រោះAbramsអាមេរិក លើទឹកដីអ៊ុយក្រែនថា កម្លាំងរុស្ស៊ីធ្លាប់បានកម្ទេចរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និង កម្ទេចគ្រឿងសព្វាវុធរបស់ក្រុមបស្ចឹមប្រទេសជាច្រើននៅលើសមរភូមិរួចម​កហើយ។ លោក បានបញ្ជាក់ទៀតថា ការបញ្ជួនអាវុធអ្វីក៏ដោយ ក៏គង់តែរុស្ស៊ីបាញ់កម្ទេចដូចគ្នាទាំងអស់នោះទេ។
រថក្រោះ Abrams ត្រូវបានសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់តាមការធ្វើសង្គ្រាមនាបណ្តា ប្រទេសមួយចំនួនលើសកលលោករួចមកហើយដូចជានៅប្រទេសអ៊ីរ៉ាក់និងអាប់កានីស្ថានជាដើម។ រថក្រោះនេះ ត្រូវគេរាយការណ៍ថា ជារថក្រោះដែលអាចការពារខ្លួនរបស់វាបាន ចំពោះអាវុធបាញ់ប្រឆាំងរថក្រោះនានា។
ប៉ុន្តែរុស្ស៊ីបានប្តេជ្ញាថា នឹងដុតកម្ទេចរថក្រោះ Abrams របស់សហរដ្ឋអាមេរិកដូចជាអ្វីដែល ទាហានរុស្ស៊ីធ្លាប់បានដុតកម្ទេចរថក្រោះ Leopard នៅលើសមរភូមិកន្លងមកផងដែរ។

ការផ្តល់រថក្រោះ Abrams ដល់អ៊ុយក្រែន គឺជាជម្រើសចុងក្រោយមួយ ដែលគេបានឃើញថា កន្លងមកសហរដ្ឋអាមេរិកតែងបដិសេធនូវសំណើរបស់អ៊ុយក្រែន ដែលចង់បានរថក្រោះប្រ ភេទនេះតាំងពីយូរមកហើយ ប៉ុន្តែភាពមិនជឿនលឿនល្អលើយុទ្ធនាការវាយបករបស់អ៊ុយ ក្រែនដែលសហរដ្ឋអាមេរិកបានគាំទ្រយ៉ាងពេញទំហឹងដើម្បីបំបាក់ឥទ្ធិពលរុស្ស៊ី បានបង្ខំឱ្យ រដ្ឋបាលលោកចូបៃដិន បានផ្លាស់ប្តូរចិត្តវិញ។ សហរដ្ឋអាមេរិក មិនត្រឹមតែផ្តល់ឱ្យអ៊ុយក្រែន នូវរថក្រោះប្រយុទ្ធទំនើប Abrams ប៉ុណ្ណោះទេ ប៉ុន្តែគ្រោងនឹងផ្តល់មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ATACMS និងយន្តហោះ F-16 ដល់អ៊ុយក្រែនថែមទៀតដើម្បីជួយជំរុញយុទ្ធនាការវាយ លុករបស់អ៊ុយក្រែន។

អ៊ុយក្រែនបានបើកយុទ្ធនាការវាយលុករដូវប្រាំងចាប់តាំងពីដើមខែមិថុនាឆ្នាំ២០២៣ ប៉ុន្តែការ វាយប្រហារមិនបានលឿនដូចតាមគម្រោងបានរៀបចំឡើយ ដោយសារតែរុស្ស៊ីបានត្រៀម យុទ្ធសាស្ត្រទប់ទល់ច្រើនខែទុកជាមុនជាមួយនឹងការជីកលេណដ្ឋាន, រៀបចំស៊ងដើម្បីដាក់អន្ទាក់សត្រូវ និងការពង្រាយមីនច្រើនស្អេកស្កះរារាំងការវាយលុករបស់ទាហានអ៊ុយក្រែន។ ប៉ុន្តែដើម្បីការបង្ហាញជោគជ័យខ្លះដើម្បីបន្តការអូសទាញនូវជំនួយសឹកជាបន្ថែមនោះ អ៊ុយ ក្រែនត្រូវគេឃើញថា បានផ្លាស់ប្តូរយុទ្ធសាស្ត្រប្រយុទ្ធរបស់ខ្លួន ខណៈយុទ្ធនាការវាយលុក លើសមរភូមិមានភាពទ្រឹង។ អ៊ុយក្រែនបានធ្វើការវាយប្រហារលើទីតាំងផ្សេងៗរួមទាំងការ ប្រើដ្រូនអត្តឃាតដាក់ទៅក្នុងតំបន់រដ្ឋធានីម៉ូស្គូរុស្ស៊ីផងដែរ។

នៅក្នុងការវាយប្រហារដាក់លើទីស្នាក់ការកងនាវារុស្ស៊ីក្នុងសមុទ្ទខ្មៅកាលពីថ្ងៃសុក្រសប្តាហ៍ កន្លងមកនេះ, អ៊ុយក្រែនបានអះអាងការប្រើមីស៊ីលបាញ់ទម្លុះប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី ដាក់លើកទីបញ្ជាការដ្ឋានទ័ពជើងទឹករុស្ស៊ីនាកំពង់ផែ Sevastopol ក្នុងតំបន់គ្រីមៀរដោយ បានធ្វើឱ្យមនុស្ស១០៥នាក់រងរបួស និងមានមន្ត្រីជាន់ខ្ពស់យោធារុស្ស៊ី៣៤នាក់បានស្លាប់ ដោយក្នុងនោះរួមមានទាំងលោកឧត្តម សេនីយ៍មេបញ្ជាការកងនាវាចរសមុទ្ទខ្មៅរបស់ រុស្ស៊ី ម្នាក់គឺលោក Viktor Sokolov។

ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញនូវរូបភាពកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារ៍ទី២៦កញ្ញា បង្ហាញថា មេបញ្ជាការកងនាវាចរសមុទ្ទខ្មៅរបស់រុស្ស៊ី លោក Viktor Sokolov នោះមិនបានបាត់បង់ជីវិតឡើយ។
ខ្សែវីដេអូមួយ ដែលគេបញ្ជាក់ថាគឺជាកិច្ចប្រជុំប្រចាំជាទម្លាប់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergei Shoigu, នៅក្នុងខ្សែវីដេអូដែលមានកិច្ចប្រជុំនោះ គេបានឃើញមានវត្តមាន លោកមេបញ្ជាការ វិកទ័រ​ សូកូឡូវ ស្ថិតនៅជាមួយនឹង​បណ្តាមេបញ្ជាការនានារួមទាំងរដ្ឋមន្ត្រី ក្រសួងការពារជាតិរបស់រុស្ស៊ីផងដែរ។ ខ្សែវីដេអូនោះ បានបញ្ចាំងរូបលោក Viktor Sokolov ជាច្រើនដងដែលចង់បញ្ជាក់ថាលោកមិនបានបាត់បង់ជីវិតឡើយ។

មន្ត្រីក្រសួងការពារជាតិរុស្ស៊ី មុននេះត្រូវបានអ្នកសារព័ត៌មានបានសាកសួរអំពីរឿងមរណ ភាពរបស់លោកមេ បញ្ជា ការ វិកទ័រ​ សូកូឡូវ ប៉ុន្តែមន្ត្រីរុស្ស៊ីបានបដិសេធជុំវិញអ្វីដែលជាពាក្យ ចចាមអារ៉ាមនោះ។ ហើយក្រោយសេចក្តីបដិសេធនោះមក ក្រសួងការពារជាតិរុស្ស៊ី ក៏បាន បង្ហាញខ្សែវីដេអូនៃកិច្ចប្រជុំនេះជាបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅមានសេច ក្តីរាយការណ៍ខ្លះបានបង្ហាញកាសង្ស័យថា តើខ្សែវីដេអូបង្ហាញការជួបប្រជុំនោះ តើពិតជា កិច្ច ប្រជុំនៅថ្ងៃអង្គារ៍ទី២៦កញ្ញានោះមែនដែរឬយ៉ាងណានោះឡើយ។

ប្រសិនបើការវាយប្រហាររបស់អ៊ុយក្រែននោះ ពិតជាបានសម្លាប់មេបញ្ជាការកងនាវាចរ សមុទ្ទខ្មៅរបស់រុស្ស៊ីនោះមែន វាគឹជាជោគជ័យមួយរបស់អ៊ុយក្រែនដែលរំពឹងថានឹងបានទាក់ ទាញទឹកចិត្តពីសហរដ្ឋអាមេរិកនិង ក្រុមប្រទេសលោកខាងលិចនូវជំនួយយោធាជាបន្ថែមទៀត ខណៈដែលសង្គ្រាមលើសមរភូមិ វាយលុកពិតប្រាកដ មិនទាន់អាចទម្លុះនូវរបាំងឧប សគ្គដែលរុស្ស៊ីបានរៀបចំទប់ទល់ជាច្រើនខែទុកជាមុននោះឡើយ។
នាពេលនេះ អ៊ុយក្រែននៅតែអះអាងថាការវាយប្រហាររបស់ខ្លួន ដាក់លើបញ្ជាការដ្ឋានទ័ព ជើងទឹករុស្ស៊ីនាកំពង់ផែ Sevastopol ក្នុងតំបន់គ្រីមៀរ បានធ្វើឱ្យមេបញ្ជាការរុស្ស៊ីនោះបាន ស្លាប់និងសម្លាប់មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីចំនួន៣៣នាក់ដទៃទៀតផងដែរ ។
រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែន លោក រូស្តេម អ៊ូមេរ៉ូវ បាននិយាយថា ប្រសិនបើលោក សូកូឡូវ ស្លាប់មែននោះ វាជាដំណឹង​ល្អសម្រាប់​គ្រប់គ្នា ប៉ុន្តែគេនៅពុំទាន់មានភស្តុតាងគ្រប់ គ្រាន់ ដើម្បីយកមកបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ៕

រូបភាពពី AP