(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានរាយការណ៍ថា ប្រទេសអ៉ីរ៉ង់ទើបតែបានបាញ់បង្ហោះដោយជោគជ័យ នូវផ្កាយរណបយោធាទី៣ នាថ្ងៃពុធនេះ ដើម្បីយកទៅដាក់នៅគន្លងទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ផ្កាយរណបចាប់រូបភាពឈ្មោះថា Noor 3 ត្រូវបានបញ្ជូនទៅដាក់នៅគន្លងអវកាស មានរយៈកម្ពស់៤៥០គីឡូម៉ែត្រពីផ្ទៃផែនដី ដោយវាត្រូវ​បានបាញ់បង្ហោះ តាមរយៈគ្រាប់រ៉ុក្កែតអវកាស Qased។ កន្លងមក អ៉ីរ៉ង់បានប្រើប្រាស់រ៉ុក្កែតនេះ ដើម្បីនាំយកផ្កាយរណប Noor 2 ទៅកាន់​ទីអវកាស។

សហរដ្ឋអាមេរិកបាននិយាយថា បច្ចេកវិទ្យាបាលិស្ទីគរយៈចម្ងាយឆ្ងាយ ដែលប្រើប្រាស់ដើម្បីបញ្ជូនផ្កាយរណប ក៏អាចអនុញ្ញាតឱ្យអ៉ីរ៉ង់បាញ់​មីស៉ីលរយៈចម្ងាយឆ្ងាយផងដែរ ហើយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀតផង។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់បានច្រានចោល​ការចោទប្រកាន់របស់អាមេរិក ដែលថាកម្មវិធីផ្កាយរណបរបស់ខ្លួន គឺជាការបិទបាំងសម្រាប់ការអភិវឌ្ឍមីស៉ីលបាលិស្ទីគ ហើយបានអះអាងថា ខ្លួនមិនដែលប៉ុនប៉ងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។

គួរបញ្ជាក់ថា អ៉ីរ៉ង់​ដែលជាមានកម្មវិធីមីស៉ីលធំបំផុតមួយ ប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានទទួលរងបរាជ័យជាបន្តបន្ទាប់ ក្នុងការបាញ់បង្ហោះ​ផ្កាយរណបនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាបច្ចេកទេស។ ក្នុងខែនេះ ទីក្រុងវ៉ាស៉ីនតោន ទើបតែបានប្រកាសទណ្ឌកម្មថ្មីទៀត ដោយកំណត់គោលដៅលើបុគ្គលនិងអង្គភាពជាច្រើន នៅអ៉ីរ៉ង់ រុស្ស៉ី ចិន និងតួកគី ដែលជាប់ពាក់ព័ន្ធជាមួយការអភិវឌ្ឍដ្រូន និងយន្តហោះ​យោធារបស់ទីក្រុងតេហេរ៉ង់។ រីឯកន្លងមក អាមេរិកក៏បានដាក់ទណ្ឌកម្ម លើទីភ្នាក់ងារអវកាសស៉ីវិលរបស់អ៉ីរ៉ង់ ព្រមទាំងអង្គការស្រាវជ្រាវ​ចំនួន២ផងដែរ នៅឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ថា អង្គភាពទាំងនោះត្រូវបានប្រើប្រាស់ ដើម្បីជួយការអភិវឌ្ឍកម្មវិធីមីស៉ីលបាលិស្ទីគ​របស់អ៉ីរ៉ង់៕

រូបភាពពី AP