(ប៉េកាំង)៖ លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការអធិការត្រួតពិនិត្យវិន័យមជ្ឈិមចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសអេហ្ស៊ីបពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ខែកញ្ញា។ អំឡុងពេលបំពេញទស្សនកិច្ច លោកបានជួបសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីបAbdel Fattah al Sisi និងជួបពិភាក្សាការងារជាមួយ ប្រធានគណបក្សអនាគតមាតុភូមិនិងជាប្រធានព្រឹទ្ធសភាអេហ្ស៊ីបនៅទីក្រុងគែរ។

នៅពេលជួបសន្ទនាជាមួយលោក Abdel Fattah al Sisi លោក Li Xi បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានរដ្ឋចិនលោក Xi Jinping និងលោកប្រធានាធិបតី បានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការពហុភាគី និងអភិបាលកិច្ចជាតិ ដោយផ្តល់ការណែនាំជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អេហ្ស៊ីបក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្មខ្លាំងនៃពិភពលោក។ ប្រទេសចិននឹងធ្វើការជាមួយអេហ្ស៊ីបដើម្បីអនុវត្ត គំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញការតភ្ជាប់យ៉ាងស៊ីជម្រៅរវាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"របស់ប្រទេសចិន និង "ចក្ខុវិស័យឆ្នាំ ២០៣០" របស់ប្រទេសអេហ្ស៊ីប ក្នុងន័យសម្រេចបាននូវការអភិវឌ្ឍន៍រួម។

ជាការឆ្លើយតប លោក Sisi បានថ្លែងថា ប្រទេសចិនសម្រេចបាននូវសមិទ្ធផលនៃការអភិវឌ្ឍដ៏អស្ចារ្យ ក្រោមការដឹកនាំរបស់ប្រធានរដ្ឋចិនលោក Xi Jinping ហើយការអភិវឌ្ឍរបស់ប្រទេសចិនគឺមិនអាចរារាំងបានទេ។ កិច្ចសហប្រតិបត្តិការរវាងអេហ្ស៊ីបនិងចិន ក្រោមក្របខ័ណ្ឌ គំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” ទទួលបានផ្លែផ្កាយ៉ាងច្រើន។ ដោយមានការជួយជ្រោមជ្រែងពីប្រទេសចិន តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម Suez របស់អេហ្ស៊ីបបានរីកចម្រើនយ៉ាងខ្លាំងដែលបានជំរុញ ដំណើរការឧស្សាហូបនីយកម្មរបស់អេហ្ស៊ីបប្រកបដោយប្រសិទ្ធភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន