(អង់ការ៉ា)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីប្រទេសតួកគី លោក តាយយីព អឺដូហ្កាន់ (Tayyip Erdogan) បានលើកឡើងថា សភាតួកគីនឹងរក្សាពាក្យសន្យាផ្តល់សច្ចាប័នលើសមាជិកភាពអង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែត ប្រសិនបើរដ្ឋាភិបាលអាមេរិក បើកផ្លូវសម្រាប់ការលក់យន្តហោះចម្បាំង ​F-16 ឱ្យមកទីក្រុងអង់ការ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំលុងពេលធ្វើដំណើរតាមយន្តហោះ ត្រឡប់មកពីប្រទេសអាស៊ែបៃហ្សង់វិញ លោក អឺដូហ្កាន់ បាននិយាយថា រដ្ឋមន្រ្តីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប៊្លីនខិន បានពិភាក្សាគ្នាអំពីសមាជិកភាពណាតូរបស់ស៊ុយអែត កាលពីសប្តាហ៍មុន នៅទីក្រុងញូវយ៉ក។

បើតាមលោក អឺដូហ្កាន់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងព្យាយាមភ្ជាប់ការលក់យន្តហោះចម្បាំង F-16 ឱ្យតួកគី ជាមួយការផ្តល់សច្ចាប័នរបស់ទីក្រុងអង់ការ៉ា លើសមាជិកភាពណាតូរបស់ស៊ុយអែត។ លោកប្រធានាធីបតីតួកគី បានលើកឡើងដូច្នេះថា «ប្រសិនបើពួកគេ (សហរដ្ឋអាមេរិក) រក្សាពាក្យសន្យារបស់ខ្លួន នោះសភារបស់យើង ក៏នឹងរក្សាពាក្យសន្យាដូចគ្នាដែរ។ សភាតួកគីនឹងមានសិទ្ធិ​សម្រេចចុងក្រោយ លើសមាជិកភាពណាតូរបស់ស៊ុយអែត»

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលឆ្នាំមុន ស៊ុយអែតបានដាក់ពាក្យដំណាលគ្នាជាមួយហ្វាំងឡង់ ដើម្បីស្នើសុំចូលជាសមាជិករបស់ NATO ក្រោយរុស្ស៉ីធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។ ខណៈហ្វាំងឡង់បានក្លាយជាសមាជិកផ្លូវការ កាលពីខែមេសា ឆ្នាំនេះ ស៊ុយអែតពុំទាន់បានចូល​នៅឡើយទេ ដោយសារតែការអូសបន្លាយពេលផ្តល់សច្ចាប័ន ពីសំណាក់សភានៅប្រទេសតួកគីនិងហុងគ្រី៕

រូបភាពពី Anadolu Agency