(ប៉េកាំង)៖ ថ្ងៃពុធនេះ ចិនបាននិយាយថា សមយុទ្ធជាបន្តបន្ទាប់របស់ខ្លួននៅជិតកោះតៃវ៉ាន់ ធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹង «ភាពក្រអឺតក្រទម» របស់ក្រុមបំបែកខ្លួន ខណៈបេក្ខជនដែលអាចជាមេដឹកនាំបន្ទាប់របស់តៃវ៉ាន់ និយាយថាចិនកំពុងព្យាយាមគ្រប់គ្រងកោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានព្រមានថា ការកើនឡើងនូវសកម្មភាពយោធាចិនបង្កហានិភ័យ ដែលមិនអាចគ្រប់គ្រងបាន និងផ្កាភ្លើងនៃគ្រោះថ្នាក់។ នៅពេលត្រូវបានចោទសួរអំពីសកម្មភាពនោះ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) បានទទួលស្គាល់ថា វាជាសមយុទ្ធធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន (PLA)។

លោកស្រី ជូ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ យ៉ាងដូច្នេះថា «គោលបំណង គឺដើម្បីបំបាក់ភាពក្រអឺតក្រទមរបស់ កងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់ និងសកម្មភាពរបស់ពួកគេក្នុងការស្វែងរកឯករាជ្យ។ ការញុះញង់ទាមទារឯករាជ្យរបស់តៃវ៉ាន់ នៅតែបន្តជារៀងរាល់ថ្ងៃ ហើយសកម្មភាពដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ PLA នៅតែបន្តជានិច្ច»

គួរបញ្ជាក់ថា បើតាមលោកស្រី ជូ ចិនទទូចឲ្យប្រជាជនតៃវ៉ាន់បែងចែករវាង «ត្រូវ និងខុស» ប្រឆាំងចំពោះរាល់ការទាមទារឯករាជ្យភាព ហើយធ្វើការជាមួយចិនដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕

រូបភាពពី AP