(សេអ៊ូល)៖ នៅថ្ងៃពុធនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចបដិសេធចំពោះការចេញដីកាចាប់ខ្លួន សម្រាប់មេដឹកនាំរបស់​គណបក្សប្រឆាំងធំជាងគេ ក្រោមបទចោទប្រកាន់ពុករលួយ និងបំពានភារកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

តុលាការនៅទីក្រុងសេអ៊ូល បានច្រានចោលសំណើរបស់ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ដែលព្យាយាមចង់ឱ្យមានការចាប់ខ្លួន លោក លី ជែម្យុង (Lee Jae Myung) ដែលជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យកូរ៉េ ក្រោមហេតុផលថា មិនមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីគាំទ្រអំណះអំណាងរបស់ពួកគេ ដែលចោទថា លោក Lee អាចនឹងប៉ុនប៉ងបំផ្លាញភស្តុតាងផ្សេងៗចោល។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង បាននិយាយថា ការសម្រេចខាងលើរបស់តុលាការ មិនទាន់មានន័យថា លោក Lee មានភាពស្អាតស្អំនោះទេ ហើយការចោទប្រកាន់លើរូបលោក ក៏ពុំទាន់​ត្រូវបានទម្លាក់ចោលដែរ។

លោក Lee បានចោទក្រុមអាជ្ញាកូរ៉េខាងត្បូងថា កំពុងព្យាយាមធ្វើទុក្ខបុកម្នេញមកលើលោក ដែលជំរុញដោយហេតុផលនយោបាយ។ ​លោក Lee បានប្រកែកថា រូបលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់។ មេដឹកនាំបក្សប្រឆាំងរូបនេះ ទើបតែបានបញ្ចប់ការធ្វើកូដកម្ម​បង្អត់អាហាររយៈពេល២៤ថ្ងៃ ដើម្បីសម្តែងការតវ៉ាចំពោះគោលនយោបាយ របស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា លោក Lee គឺជាអតីតបេក្ខជនប្រធានាធិបតី ដែលបានទទួលបរាជ័យក្នុងសំឡេងខុសគ្នាយ៉ាងតិចតួចបំផុត ក្រោមថ្វីដៃលោក យូន ស៊ុកយុល ដែលជាអតីតរដ្ឋអាជ្ញា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២។ លោក Lee Jae Myung ត្រូវបានចោទប្រកាន់ពីបទបំពានភារកិច្ច តាមរយៈការធ្វើឱ្យខាតបង់ថវិការដ្ឋ ចំនួន១៥លានដុល្លារ ជុំវិញគម្រោងអភិវឌ្ឍន៍ដីធ្លីមួយ អំលុងពេលលោកកាន់តួនាទីជា ចៅហ្វាយក្រុងសឹងណាំ (Seongnam)។ ទន្ទឹមគ្នា រូបលោកក៏រងការចោទប្រកាន់ផងដែរ ​អំពីការបង្គាប់ឱ្យក្រុមហ៊ុនមួយ ផ្ទេរថវិកាដោយខុសច្បាប់ចំនួន ៨លានដុល្លារ ទៅកាន់កូរ៉េខាងជើង ពេលលោកជាអភិបាលខេត្តឈឹងហ្គី (Gyeonggi)៕

រូបភាពពី Bloomberg