(ម៉ានីល)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងម៉ានីលបានប្តេជ្ញាថា ខ្លួននឹងពុំចុះញ៉មឡើយ ចំពោះមុខការដែលចិនព្យាយាមរារាំងទូកនេសាទរបស់ហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹកដែលមានបញ្ហាវិវាទក្នុងសមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំងវិញ បានព្រមានកុំឱ្យហ្វីលីពីនបង្កបញ្ហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយដូចខាងលើដោយភាគីទាំងសងខាង កើតមានឡើងមួយថ្ងៃបន្ទាប់ពី ទីក្រុងម៉ានីលបានសម្រេចកាត់រនាំងបណ្តែតទឹកប្រវែង ៣០០ម៉ែត្រ ដែលទីក្រុងប៉េកាំងដំឡើង នៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន បាននិយាយដូច្នេះថា «យើងបានបង្ហាញឱ្យពិភពលោកបានឃើញថា ប្រជាជនហ្វីលីពីន នឹងមិនចុះញ៉មដាច់ខាត ហើយពួកយើងនឹងនៅតែបន្តអនុវត្តសកម្មភាព ដែលចាំបាច់គ្រប់បែបយ៉ាងនិងជាប់លាប់ជានិច្ច ដើម្បីរក្សាវត្តមានរបស់យើង»។
យ៉ាងណាមិញ ចិនចាត់ទុកវត្តមានហ្វីលីពីននៅតំបន់ខាងលើ ថាជាការទន្ទ្រានចូលដែនទឹករបស់ខ្លួន ហើយកាលពីថ្ងៃអង្គារបានព្រមានឱ្យទីក្រុងម៉ានីល ចៀសវាងសកម្មភាពទាំងឡាយ ដែលអាចបង្កហេតុនិងបង្កើតជាបញ្ហា។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងយ៉ាងដូច្នេះថា «ចិនប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវអធិបតេយ្យនិងសិទ្ធិដែនសមុទ្រនៃកោះ Huangyan (សំដៅលើតំបន់ Scarborough Shoal) ហើយយើងសូមណែនាំភាគីហ្វីលីពីន កុំឱ្យបង្ករឿងនិងបង្កើតបញ្ហា»។
គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Scarborough គឺជាកន្លែងដ៏អំណោយផលមួយសម្រាប់ការធ្វើនេសាទ ដែលស្ថិតនៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រពីឆ្នេររបស់ប្រទេសហ្វីលីពីន និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសអាស៊ានមួយនេះ ប៉ុន្តែវាបានក្លាយជាតំបន់ដែលមានបញ្ហាវិវាទរាប់ទសវត្សរ៍មកហើយ រវាងចិននិងហ្វីលីពីនជុំវិញបញ្ហាអធិបតេយ្យ៕
រូបភាពពី AFP