(ប៉េកាំង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ចិនបាននិយាយថា ខ្លួនបានព្រមព្រៀងគ្នាជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំង៣ឡើងវិញ ឱ្យបានឆាប់តាមតែអាចធ្វើទៅរួច បន្ទាប់ពីក្រុមមន្រ្តីជាន់ខ្ពស់ការបរទេសរបស់ប្រទេសទាំង៣ ទើបតែបានបើកកិច្ចពិភាក្សាកម្រមួយជាមួយគ្នា នៅទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចពិភាក្សាជាន់ខ្ពស់ខាងលើ ដែលត្រូវបានចូលរួមដោយអនុរដ្ឋមន្រ្តីនិងឧបការីរដ្ឋមន្រ្តីចិន កូរ៉េខាងត្បូង និងជប៉ុន គឺត្រូវបានមើលឃើញថា ជាការប៉ុនប៉ងមួយ ដែលសំដៅបន្ធូរបន្ថយក្តីកង្វល់របស់ទីក្រុងប៉េកាំង ជុំវិញការរឹតបន្តឹងចំណងទំនាក់ទំនងសន្តិសុខរបស់ទីក្រុងវ៉ាស៉ីនតោន ឱ្យកាន់តែស៉ីជម្រៅខ្លាំងឡើងជាមួយ ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ។ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយថា ចិន កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាថា ការធ្វើកិច្ចសហប្រតិបត្តិការត្រីភាគី គឺជាផលប្រយោជន៍រួមសម្រាប់ភាគីទាំង៣។
លោក វ៉ាង បានបន្តថា ប្រទេសទាំង៣ បានយល់ព្រមបើកកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេស ក្នុងពេលប៉ុន្មានខែខាងមុខ និងលើកកម្ពស់ឱ្យមានការរៀបចំ ជំនួបពិភាក្សារវាងមេដឹកនាំឡើងវិញ ឱ្យបានឆាប់តាមតែអាចទៅរួច នៅពេលវេលាសមរម្យមួយ សម្រាប់ប្រទេសទាំង៣។ ចំណែកក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានទទួលស្គាល់ផងដែរថា មន្រ្តីជាន់ខ្ពស់ការបរទេសនៃប្រទេសទាំង៣ បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលត្រីភាគី សាជាថ្មីឡើងវិញឱ្យបានឆាប់ ហើយបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគី ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលនោះ។
គួរបញ្ជាក់ថា ដំបូងឡើយ ចិន កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលរៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០០៨មក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែគំនិតផ្តួចផ្តើមនោះបានរងផលប៉ះពាល់ ដោយសារតែបញ្ហាវិវាទទ្វេភាគី បូករួមជាមួយវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ កិច្ចប្រជុំលើកចុងក្រោយ ត្រូវបានប្រារព្ធឡើងកាលពីឆ្នាំ២០១៩៕
Photo from AFP