(ញូវដែលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាយ៉ាំ ចៃសាន់ការ (Subrahmanyam Jaishankar) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថា ឥណ្ឌាបានប្រាប់កាណាដា អំពីការបើកចំហរក្នុងការពិនិត្យលើព័ត៌មាន «ជាក់លាក់ ឬភស្តុតាង» ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ញូវដែលីមានជាប់ទាក់ទងនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៉ីគ (Sikh) ម្នាក់នៅលើទឹកដីកាណាដា។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងអូតាវ៉ាមានព័ត៌មានសម្ងាត់ដែលគួរឲ្យទុកចិត្តបាន អំពីការជាប់ពាក់ព័ន្ធរបស់ទីភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៉ីគ លោក Hardeep Singh Nijjar កាលពីខែមិថុនា កន្លងទៅ។ នៅពេលត្រូវបានសួរអំពីការចោទប្រកាន់នោះ ក្នុងវេទិកានៃវិទ្យាស្ថាន Council on Foreign Relations នៅឯទីក្រុងញូវយ៉ក លោក ចៃសាន់ការ បានបញ្ជាក់ថា «យើងបានប្រាប់កាណាដាហើយថា នេះមិនមែនជាគោលនយោបាយរបស់ រដ្ឋាភិបាលឥណ្ឌានោះទេ។ យើងក៏បាន ប្រាប់កាណាដាថា ប្រសិនបើមានព័ត៌មានអ្វីមួយជាក់លាក់ ឬភស្តុតាងដែលពាក់ព័ន្ធ សូមបង្ហាញឲ្យយើងដឹងផង យើងបើកចំហ ក្នុងការពិនិត្យលើព័ត៌មានទាំងនោះ»

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់កាណាដា រួមទាំងសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភជុំវិញជម្លោះផ្នែកការទូតជាមួយឥណ្ឌា និងទទូច ឲ្យឥណ្ឌាសហការជាមួយកាណាដាដើម្បីស៉ើបអង្កេត។ បើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកាណាដា ក្រុមប្រទេសអង្គការភ្នែកម្នាស់ «Five Eyes» ដែលរួមមានសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ចក្រភពអង់គ្លេស ប្រមូលបាននូវព័ត៌មានមួយចំនួន ​អំពីករណីនេះ៕

រូបភាពពី Bloomberg