(អាល់ ហំាដានីយ៉ាស់, អ៉ីរ៉ាក់)៖ ក្រុមមន្ត្រីសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៉ីរ៉ាក់ បានឱ្យដឹងនៅថ្ងៃពុធ ទី២៧ ខែកញ្ញានេះ ថាមនុស្សយ៉ាងហោច១០០នាក់ បានស្លាប់ និងច្រើនជាង១៥០នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះអគ្គិភ័យឆាបឆេះ អំឡុង ពិធីមង្គលការនៅឯសាលរៀបចំមង្គលការ​មួយកន្លែង ស្ថិតនៅក្នុងទីក្រុង អាល់ ហំាដានីយ៉ាស់ (Al-Hamdaniyah) នៃភាគខាងជើង ប្រទេសអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីសុខាភិបាលអ៉ីរ៉ាក់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាពួកគេរាប់ឃើញតួលេខបឋមថាមានមនុស្សស្លាប់យ៉ាងហោច ១០០នាក់ និងច្រើនជាង១៥០នាក់ បានរងរបួសក្នុងអគ្គិភ័យឆាបឆេះសាលរៀបចំមង្គលការមួយក្នុងទីក្រុង Hamdaniyah កាលពី ម៉ោង១០៖៤៥នាទីយប់ ថ្ងៃអង្គារសប្ដាហ៍នេះ។

ជាមួយគ្នានោះដែរ អាជ្ញាធរការពារជនស៊ីវិលអ៉ីរ៉ាក់ ក៏បានអះអាងដែរថាអគ្គិភ័យបានបង្កឱ្យផ្នែកខ្លះនៃសាលរៀបចំមង្គលខាងលើ បាក់រលំ ខណៈបើតាមព័ត៌មានបឋម មានការបាញ់កាំជ្រួចនៅអំឡុងពិធីមង្គលការនោះ ជាហេតុបណ្ដាលឱ្យមានអគ្គិភ័យកើតឡើង។

គួរបញ្ជាក់ថា បញ្ហាស្ដង់ដារសុវត្ថិភាពនៅក្នុងប្រទេសអ៉ីរ៉ាក់ គឺជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់ធំៗបែបនេះ ហើយប្រទេសមួយនេះដែល មានភាពទន់ខ្សោយខាងហេដ្ឋារចនាសម្ព័ន្ធ ក្រោយសង្រ្គាមអស់រាប់ទសវត្សរ៍មកនេះ ក៏តែងតែជួបប្រទះនឹងសោកនាកម្មបង្កឡើងដោយ អគ្គិភ័យគួរឱ្យកត់សម្គាល់ផងដែរ៕

រូបភាពពី AFP