(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថារថក្រោះប្រយុទ្ធអាមេរិក M1 Abrams ដំបូង ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនហើយ ដែលនេះនឹងជួយពង្រឹងបន្ថែមនូវសមត្ថភាពកងកម្លាំងទីក្រុងកៀវ ដែលកំពុងព្យាយាមវាយទម្លុះខ្សែការពារកងកម្លាំងរុស្ស៉ី។ ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «រថក្រោះ Abrams បានមកដល់អ៊ុយក្រែនហើយ និងកំពុងត្រៀមលក្ខណៈដើម្បីពង្រឹងកងកម្លាំងរបស់យើង»។

លោក ហ្សេលេនស្គី មិនបានបញ្ជាក់ថាតើអ៊ុយក្រែនទទួលបានរថក្រោះ Abrams ប៉ុន្មានគ្រឿងនោះទេ ហើយសំណួរសំខាន់ក្នុងពេលបច្ចុប្បន្ន នោះគឺថាតើត្រូវប្រើ ពេលប៉ុន្មាន ដើម្បីបញ្ជូនរថក្រោះអាមេរិកដ៏ទំនើបមួយនេះទៅប្រើនៅឯសមរភូមិ និងថាតើរថក្រោះនេះអាចធ្វើឱ្យស្ថានការណ៍នៅឯសមរភូមិមានការប្រែប្រួលដល់ កម្រិតណា?

រថក្រោះទំនើបៗ និងរថពាសដែកផលិតដោយលោកខាងលិច បានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងការជជែកដេញដោលរវាងមេដឹកនាំយោធាអ៊ុយក្រែន និងអ្នកគាំទ្រ របស់ពួកគេ នៅក្នុងមន្ទីរបញ្ចកោណ ដោយក្នុងនោះមានអ្នកខ្លះចង់ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធកាន់តែទំនើប និងមានឥទ្ធិពលខ្លាំងនៅលើសមរភូមិ។ រថក្រោះ Abrams ដែលស្ថិតក្នុងចំណោមអាវុធទំនើបៗនៅលើពិភពលោក មានអត្ថប្រយោជន៍បច្ចេកទេសអាចធ្វើឱ្យរថក្រោះទាំងនេះ មានប្រយោជន៍សម្រាប់អ៊ុយក្រែន ខ្លាំងជាងរថក្រោះលោកខាងលិចដទៃ។ ម្យ៉ាងវិញទៀត វត្តមានរបស់ Abrams ក៏ត្រូវបានរំពឹងដែរថានឹងជួយជំរុញទឹកចិត្តប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែន។

* អ្វីទៅជាចំណុចពិសេសរបស់ Abrams?
រថក្រោះ Abrams គឺជាប្រភេទអាវុធស្ថិតនៅក្នុងចំណោមអាវុធទំនើបៗនៅលើពិភពលោក។ រថក្រោះនេះអាចបើកក្នុងល្បឿនអតិបរមា ៤១.៦ mph ឬស្មើនឹង ៦៦.៩គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបាញ់បានចម្ងាយ ២.៤៩ miles ឬស្មើជាង ៤គីឡូម៉ែត្រ។ រថក្រោះផលិតដោយសហរដ្ឋអាមេរិកមួយនេះមានទម្ងន់ ៥៧.២តោន និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៨៦។ រថក្រោះ Abrams ប្រើកាណុងបាញ់ ១២០មីលីម៉ែត្រ និងមានកាំភ្លើងយន្ដ ៧.៦២មីលីម៉ែត្រ និងកាំភ្លើងយន្ដប្រឆាំង យន្ដហោះចម្បាំង ១២.៧មីលីម៉ែត្រ។

*​ តើការមកដល់របស់ Abrams យឺតពេលហើយមែនទេ?
អ៊ុយក្រែន ចាប់តាំងពីបើកប្រតិបត្តិការវាយបកកាលពីខែមិថុនាមក បានព្យាយាមវាយទម្លុះខ្សែការពារសំខាន់ៗរបស់រុស្ស៉ី ដោយប្រើប្រាស់រថពាសដែក ខណៈលោក ពូទីន និងក្រសួងការពារជាតិរុស្ស៉ីបានអះអាងម្ដងហើយម្ដងទៀតថាប្រតិបត្តិការវាយបកនេះបានទទួលបរាជ័យទៅហើយ។ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែន និងអាមេរិក បញ្ជាក់ថា ប្រតិបត្តិការវាយបកនេះមិនមែនជាប់គាំង ឬក៏បរាជ័យឡើយ តែគ្រាន់តែមានភាពរីកចម្រើនទៅមុខដោយសន្សឹមៗ ផ្ទុយពីការរំពឹងទុកតែប៉ុណ្ណោះ។

មកទល់នឹងពេលបច្ចុប្បន្​ន កងកម្លាំងអ៊ុយក្រែនកំពុងផ្ដោតជាសំខាន់លើការទម្លុះខ្សែការពារនៃកងកម្លាំងរុស្ស៉ីក្នុងតំបន់ Zaporizhzhia នៃភាគខាងត្បូងប្រទេស ក្នុងគោលបំណងកាត់ផ្ដាច់ច្រកផ្លូវតភ្ជាប់របស់រុស្ស៉ីទៅកាន់តំបន់គ្រីមៀ។​ ប៉ុន្តែ មិនទាន់អាចសម្រេចបានលទ្ធផលផ្លែផ្កាធំដុំណាមួយនៅឡើយទេ ហើយទោះជាការមកដល់ របស់រថក្រោះ Abrams ជារឿងមួយគួរឱ្យសាទរក៏ដោយ ក៏ក្រុមមន្ត្រីអ៊ុយក្រែនបានទទួលស្គាល់ថារថក្រោះនេះទំនងជាមិនអាចកែប្រែស្ថានការណ៍សង្គ្រាមធំដុំ ឬក៏ធ្វើឱ្យរុស្ស៉ី ចាញ់សង្គ្រាមនោះទេ។

ក្រុមមន្ត្រីនៃក្រសួងការពារជាតិអាមេរិក បានក្រើនរំឮកជារឿយៗថាត្រឹមប្រព័ន្ធអាវុធតែមួយគត់ គឺមិនអាចកែប្រែទិសដៅសង្រ្គាមបាននោះទេ ពីព្រោះអាវុធខ្លះមានភាព ស្មុគស្មាញច្រើន។ ខណៈរដូវភ្លៀងកាន់តែខិតជិតចូលមកដល់នៅអ៊ុយក្រែន សណ្ឋានដីអាចនឹងក្លាយជាភក់ ដែលនេះនឹងបង្កឧបសគ្គដល់រថក្រោះក្នុងការបើកបរ។ មិនតែប៉ុណ្ណោះ ប៉ុន្មានខែដំបូងនៃប្រតិបត្តិការវាយបក រថក្រោះអាល្លឺម៉ង់ Leopard​ 2 និងរថពាសដែកអាមេរិក បានក្លាយជាគោលដៅទីមួយរបស់ទាហានរុស្ស៉ី ដែលប្រើ យន្ដហោះដ្រូនដើម្បីតាមដាន និងចាប់ទីតាំងរថក្រោះ និងរថពាសដែកទាំងនោះ ហើយជូនដំណឹងបន្តដល់កងកម្លាំងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ វាយប្រហារកម្ទេច គោលដៅ។ ឧត្តមសេនីយ៍ទោ លោក Kyrylo Budanov ជាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា «ចម្ការមីនដែលរុស្ស៉ីបានដាំ» បានក្លាយជាឧបសគ្គដ៏ធំចំពោះរថក្រោះ ហើយទោះជាមានការខូចខាតតិចតួចក៏ដោយ ក៏វាអាចធ្វើកង់រថក្រោះមិនអាច វិលទៅមុខរួចនោះដែរ។ ឧត្តមសេនីយ៍រូបនេះបន្ថែមថា រថពាសដែកធុនធ្ងន់ក្នុងពេលសព្វថ្ងៃ ត្រូវបានប្រើប្រាស់សម្រាប់ដឹកទាហាន ច្រើនជាងបញ្ជូនទៅប្រយុទ្ធ នៅសមរភូមិមុខ។

តាមលោក Budanov រថក្រោះដូចជា Abrams គួរតែត្រូវបានប្រើក្នុងវិធីសាស្ត្រត្រឹមត្រូវ សម្រាប់ប្រតិបត្តិការជាក់លាក់ ពីព្រោះថាបើរថក្រោះនេះត្រូវបានប្រើ នៅឯសមរភូមិមុខ និងប្រើលាយឡំជាមួយសព្វាវុធដទៃទៀតក្នុងការប្រយុទ្ធ នោះរថក្រោះនេះនឹងមិនមានជីវិតយូរអង្វែងនៅលើសមរភូមិឡើយ ពោលគឺពួកវាអាចនឹងត្រូវបានកម្ទេចដោយ សត្រូវ។ ដូចគ្នានេះដែរ លោក Ben Barry ជាអតីតមេបញ្ជាការកងពលរថក្រោះអង់គ្លេស និងជាអ្នកជំនាញខាងសង្រ្គាមជើងគោក មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សា យុទ្ធសាស្ត្រ (International Institute for Strategic Studies) មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយថា រថក្រោះ Abrams មានគុណសម្បតិ្តច្រើន ជាពិសេសបើ ប្រៀបធៀបទៅនឹងរថក្រោះស៊េរីចាស់ Leopard 1 ដែលអ៊ុយក្រែនទទួលបានពីសម្ព័ន្ធមិត្ត។ ប៉ុន្តែ អ្នកជំនាញរូបនេះយល់ថារថក្រោះ Abrams នឹងបង្កការលំបាកដល់ កងកម្លាំងអ៊ុយក្រែនក្នុងការថែទាំ។ ដូច្នេះអ៊ុយក្រែនចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ រីឯកងទ័ពថ្មើរជើងអ៊ុយក្រែនក៏ចាំបាច់ត្រូវការសមត្ថភាពបន្ថែម ដើម្បីទប់ទល់នឹងយន្ដហោះដ្រូនរបស់សត្រូវផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសន្យាកាលពីខែមករា ដើមឆ្នាំ២០២៣ថានឹងផ្ដល់រថក្រោះ Abrams ចំនួន ៣១គ្រឿងសម្រាប់អ៊ុយក្រែន ក្រោមក្របខណ្ឌនៃជំនួយយោធា ទំហំ ៤៣ពាន់លានដុល្លារ ដែលសន្យាផ្ដល់ដោយសហរដ្ឋអាមេរិក ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកធ្វើឡើង បន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបយល់ព្រមផ្ដល់រថក្រោះប្រយុទ្ធ Leopard 2 ដល់ទីក្រុងកៀវ។ កងកម្លាំងអ៊ុយក្រែនទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើរថក្រោះ Abrams ចាប់តាំងពីនិទាឃរដូវមក ខណៈ Leopard 2 ត្រូវបានអ៊ុយក្រែនប្រើនៅលើសមរភូមិជាច្រើនខែមកហើយ។

សហរដ្ឋអាមេរិក ក៏បានអនុម័តផងដែរលើការផ្ដល់យន្ដហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន តែយន្ដហោះចម្បាំងនេះនឹងមិនត្រូវបានគេឃើញនៅលើសមរភូមិឡើយ ដោយ ប្រហែលជាគេត្រូវរង់ចាំដល់រដូវរងាខាងមុខ ស្របពេលមានសេចក្ដីរាយការណ៍ដែរថាសហរដ្ឋអាមេរិកអាចនឹងផ្ដល់មីស៊ីលចម្ងាយឆ្ងាយ Army Tactical Missile System ដល់ទីក្រុងកៀវ៕