(ប៉េកាំង)៖ ថ្ងៃទី២២ ខែកញ្ញាតាមម៉ោងក្នុងតំបន់ ពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Manasseh Sogavare នាយករដ្ឋមន្ត្រីប្រជុំកោះសាឡូម៉ូន បានថ្កោលទោសចំពោះទង្វើរបស់ជប៉ុន ដែលបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ដោយអះអាងថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ជប៉ុន ស្តីពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។

លោក Sogavare បានថ្លែងថា ប្រជុំកោះសាឡូម៉ូនឈរនៅជាមួយ បណ្ដាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងទៀត ដែលមានមតិយោបល់ដូចគ្នា ដោយសម្តែងការភ្ញាក់ផ្អើលចំពោះ សេចក្ដីសម្រេចចិត្តរបស់ជប៉ុនស្តីពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ចំនួន១លានតោនចូលទៅក្នុងសមុទ្រ។ លោកបានលើកឡើងថា របាយការណ៍វាយតម្លៃរបស់អង្គការ ថាមពលបរមាណូអន្តរជាតិគ្មានសេចក្តីសន្និដ្ឋាន ទិន្នន័យវិទ្យាសាស្ត្រដែលផ្តល់ដោយជប៉ុននោះ មិនពេញលេញនិងមិនគ្រប់ជ្រុងជ្រោយទេ។ ប្រសិនបើទឹកវិទ្យុសកម្មនុយក្លេអ៊ែរមានសុវត្ថិភាព នោះគួរតែស្តុកទុកក្នុងប្រទេសជប៉ុន។ ការពិតដែលទឹកទាំងនេះត្រូវបង្ហូរចូលទៅក្នុងសមុទ្រនេះ បានបញ្ជាក់ថា វាមិនមានសុវត្ថិភាពនោះទេ។ ទង្វើនេះបានជះឥទ្ធិពលឆ្លងប្រទេស និងឆ្លងសម័យកាល ដែលជាការវាយប្រហារចំពោះទំនុកចិត្ត និងសាមគ្គីភាពរបស់សកលលោក។ដូច្នេះ ការសម្រេចចិត្តរបស់ជប៉ុននេះ បានបញ្ចេញព័ត៌មានយ៉ាងច្បាស់លាស់ថា អាយុជីវិតរបស់យើង ប្រជាជនរបស់យើងគឺមិនសំខាន់ទេ!

លោក Sogavare ក៏បានអំពាវនាវឱ្យជប៉ុនស្វែងរកជំរើសនៃដំណោះស្រាយទឹកវិទ្យុសកម្មនុយក្លេអ៊ែរផ្សេងទៀត ហើយបញ្ឈប់ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាបន្ទាន់។លោកបានកត់សម្គាល់ថា ប្រសិនបើចង់ស្តារទំនុកចិត្តគ្នាឡើងវិញ និងស្តារសាមគ្គីភាពសកលឡើងវិញ នោះចាំបាច់ឱ្យការពារសមុទ្ររបស់យើងដោយស្មោះត្រង់ នេះជាខ្សែជីវិតរបស់ប្រជាជនយើង។

ហេតុអ្វីបានជាលោកSogavare ខឹងសម្បារយ៉ាងខ្លាំងប៉ុន្នឹង ចំពោះករណីដែលជប៉ុនបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ? ជាបឋម គឺដោយសារទីតាំងភូមិសាស្ត្រពិសេសនៃប្រជុំកោះសាឡូម៉ូន។ ប្រជុំកោះសាឡូម៉ូនស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក គឺជាប្រទេសមួយដែលបង្កើតឡើងដោយកោះចំនួនលើសពី៩៩០។ ក្នុងនាមជាប្រទេសបណ្ដុំកោះមួយ ប្រភពសេដ្ឋកិច្ចនិងអាហារ នៃប្រជុំកោះសាឡូម៉ូន គឺពឹងផ្អែកទៅលើធនធានសមុទ្រកម្រិតខ្ពស់ ។ ប៉ុន្តែ បន្ទាប់ពីប្រទេសជប៉ុនមិនអើពើ នឹងការប្រឆាំងពីអន្តរជាតិ ដោយចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វីក ខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រជុំកោះសាឡូម៉ូន ប្រហែលនឹងរងការវាយប្រហារខូចខាតយ៉ាងដំណំ។ អ្វីដែលសំខាន់ជាងនេះទៀតគឺ គេមិនអាចរស់នៅនៅកន្លែងដែលឆ្ងាយពីសមុទ្រ ដូចប្រជាជនរបស់ប្រទេសលើដីគោកបានទេ មហាជនប្រទេសកោះដែលមានតែអាចរស់នៅឆ្នេរសមុទ្រទាំងនោះ នឹងរងការវាយប្រហារផ្ទាល់ពីវិទ្យុសកម្មនុយក្លេអ៊ែរ ហើយសុខភាពរបស់ពួកគេ នឹងរងផលប៉ះពាល់កម្រិតណា យើងមិនអាចប៉ានប្រមាណបានទេ!

ទី២ មូលហេតុសំខាន់មួយទៀត ដែលបណ្តាប្រទេសសមុទ្រប៉ាស៊ីហ្វិកបូករួមទាំងប្រជុំកោះសាឡូម៉ូនជាដើម ប្រឆាំងយ៉ាងដាច់ខាត ចំពោះជប៉ុនដែលបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺដោយសារពួកគេធ្លាប់បានរងទុក្ខវេទនាពី វិទ្យុសកម្មនុយក្លេអ៊ែររួចហើយ។

បន្ទាប់ពីទទួលបានជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ ដោយចង់សម្រេចបាននូវគោលបំណងដូចជាសាកល្បងអាវុធនុយគ្លេអ៊ែរជាដើម អាមេរិកបានធ្វើពិសោធន៍នុយក្លេអ៊ែរមួយចំនួននៅជុំវិញប្រជុំកោះMarshallដែលស្ថិតនៅភាគឦសាននៃប្រជុំកោះសាឡូម៉ូន។ តាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងអំឡុងពេលពីឆ្នាំ១៩៤៦រហូតដល់ឆ្នាំ១៩៥៨ អាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន ៦៧លើកនៅប្រជុំកោះMarshall ដែលបានបណ្តាលឱ្យកោះប៉ាស៊ីហ្វីក អេកូឡូស៊ីនៃសមុទ្រ និងសុខាភាពប្រជាជនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៀត អាមេរិកថែមទាំងដឹកជញ្ជូនដី ដែលត្រូវបំពុលដោយវិទ្យុសកម្មនុយក្លេអ៊ែរចំនួនជាង ១៣០តោននៅកន្លែងធ្វើពិសោធន៍នុយក្លេអ៊ែររបស់រដ្ឋNevada យកមកចាក់នៅប្រជុំកោះMarshall ។ គិតមកទល់សព្វថ្ងៃនេះ អ្នករស់នៅតំបន់នេះ នៅតែរងទុក្ខវេទនាយ៉ងខ្លាំងដូចជាវិទ្យុសកម្មនុយក្លេអ៊ែរ ការបំពុលសត្វនិងរុក្ខជាតិសមុទ្រ និងការធ្លាយចេញនៃសំណល់នុយក្លេអ៊ែរជាដើម។

បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនៅថ្ងៃទី២៤ខែសីហា តាមការស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរប្រហែលនឹងរីកសាយភាយដល់ ស្ទើរតែសមុទ្រប៉ាស៊ីហ្វិកទាំងមូលនៅ១០ឆ្នាំក្រោយ។ ពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយដំណឹងថា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រជុំទី២របស់ជប៉ុន ត្រូវបានគេប៉ានប្រមាណថានឹងដំណើរការ ពីចុងខែកញ្ញាដល់ដើមខែតុលា។ ជប៉ុនមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងរបស់បណ្តាប្រទេសសមុទ្រប៉ាស៊ីហ្វិក ហើយចចេសបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ មុខជាត្រូវប្រឈមមុខនឹងការថ្កោលទោស ការដេញដោលទំនួលខុសត្រូវនិងការទាមទារសំណងពីប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាការដាក់ទោសពីប្រវត្តិសាស្ត្រជាមិនខាន៕

អត្ថបទ និងរូបភាពដោយវិទ្យុជាតិកម្ពុជាចិន