(ប៉េកាំង)៖ ក្រុមហ៊ុនវិនិយោគ Mubadala នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់អេមីរ៉ាតអារ៉ាប់រួម បានបង្កើតការិយាល័យនៅទីក្រុងប៉េកាំង មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពនៃមជ្ឈិមបូព៌ា ដែលមានអាជ្ញាធរវិនិយោគអាប៊ូដាប៊ី និងអាជ្ញាធរវិនិយោគគុយវ៉ែតជាតំណាងបានបណ្តាក់ទុន ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ A របស់ចិនប្រហែល ៦០ ក្រុមហ៊ុន ។ល។ បច្ចុប្បន្ននេះ ដើមទុនមជ្ឈិមបូព៌ាកំពុងបង្កើនល្បឿនចូលក្នុងប្រទេសចិន ។ អ្នកវិភាគបានលើកឡើងថា បើនិយាយចំពោះក្រុមហ៊ុនវិនិយោគសកលណាមួយ វាសុទ្ធតែចង់ក្តាប់ជាប់កាលានុវត្តភាពអភិវឌ្ឍន៍ នៃអង្គភាពសេដ្ឋកិច្ចធំទីពីរនិងទីផ្សារមូលធនធំទីពីរនៅលើពិភពលោក។

យ៉ាងណាមិញ ប្រព័ន្ធសារព័ត៌មានសហរដ្ឋអាមេរិកនិងលោកខាងលិចមួយចំនួនបាននិងកំពុងបញ្ចេញសំឡេងរំខានខ្លះៗ ។ ពេលថ្មីៗនេះ ពួកគេបានឃោសនាបំប៉ោងអ្វីដែលហៅថា "ទុនបរទេសនាំគ្នាដកចេញពីទីផ្សារមូលបត្រ A របស់ចិន"ដោយយកលេសថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិសកល BlackRock និងមូលនិធិអធិបតេយ្យភាពរបស់ន័រវែស(NSWF)បានកែសម្រួលអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ តើអ្វីជាការពិតជាក់ស្តែង ? តើគួរគិតយ៉ាងណាចំពោះសំឡេងរំខានទាំងនេះ?

បើនិយាយចំពោះគ្រឹះស្ថានវិនិយោគ ការចាត់ចែងទ្រព្យសម្បត្តិជុំវិញពិភពលោកគឺជាទង្វើទីផ្សារជាប្រក្រតី ដែលសមស្របនឹងក្រឹត្យក្រមសេដ្ឋកិច្ច ។ តាមពិតទៅ ក្រុមហ៊ុន BlackRock បានបញ្ជាក់ជាសាធារណៈថា ការបញ្ឈប់ការលក់ដូរផលិតផលមូលនិធិមួយរបស់ខ្លួនគឺជាការសម្រេចចិត្តជាប្រក្រតី ការផ្សាយដំណឹងដែលថា ដកទុនចេញពីប្រទេសចិន គឺជារឿងមិនពិត ។ ឯមូលនិធិអធិបតេយ្យភាពរបស់ន័រវែស(NSWF)ក៏បានឆ្លើយតបដែរថា "ការសម្រេចចិត្តស្តីពីការបិទទីស្នាក់ការ នៅក្រុងសៀងហៃគឺ គិតពិចារណាពីការធ្វើអាជីវកម្ម វានឹងមិនប៉ះពាល់ដល់យុទ្ធសាស្ត្រវិនិយោគរបស់មូលនិធិ ក៏ដូចជាការវិនិយោគនៅប្រទេសចិននោះទេ"។

អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា នៅពីក្រោយការឃោសនាបំប៉ោងដោយសហរដ្ឋអាមេរិកនិងលោកខាងលិច គឺមានចេតនាអាក្រក់ជាច្រើន ។ បើមើលពីវិស័យនយោបាយអាចឃើញថា ក្រោមបរិយាកាសនយោបាយអប្រក្រតី នៃក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្ន "ការប្រឆាំងចិន" បានក្លាយជា "ភាពត្រឹមត្រូវខាងនយោបាយ" របស់មជ្ឈដ្ឋាននយោបាយអាមេរិក ។ ជាពិសេសស្របពេលដែលការបោះឆ្នោតសកលអាមេរិក កាន់តែជិតចូលមកដល់ អ្នកនយោបាយអាមេរិកមួយចំនួនបានចាត់ទុក ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់សេដ្ឋកិច្ចចិនជាមធ្យោបាយដ៏សំខាន់ ក្នុងការដណ្តើមយកសំឡេងឆ្នោត ។ បើមើលពីកលល្បិចខាងសេដ្ឋកិច្ចអាចឃើញថា មិនច្រានចោលលទ្ធភាពដែលអ្នកនយោបាយទាំងនេះ ចង់ឆ្លៀតឱកាសនេះដើម្បីគាបសង្កត់ទ្រព្យសម្បតិ្តរដ្ឋរបស់ចិន ក៏ដូចជាទទួលបានសិទ្ធិនិងផលប្រយោជន៍នៃទ្រព្យសម្បត្តិរបស់ចិន ក្នុងតម្លៃទាបបង្គួរ ក្នុងន័យប៉ុនប៉ងកិបកេងយកផលប្រយោជន៍ពីក្នុងនោះ។

ទោះបីជាសហរដ្ឋអាមេរិកនិងលោកខាងលិច រិះរកគ្រប់មធ្យោបាយដើម្បីឃោសនាបំប៉ោងក៏ដោយ ក៏មិនអាចប៉ះពាល់ដល់ការយល់ដឹងរបស់ មូលធនឆ្លងដែនចំពោះប្រទេសចិននោះទេ ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ទីផ្សារមូលធនរបស់ប្រទេសចិនមានឱកាសវិនិយោគនិងសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង។ ប្រទេសចិនគឺជាអង្គភាពសេដ្ឋកិច្ចមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើទូទាំងពិភពលោក ដែលបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ដំណើរការប្រកប ដោយស្ថិរភាពនៃទីផ្សារមូលធន ។ ការរីកចម្រើនលើវិស័យបច្ចេកទេសរបស់ប្រទេសចិន បានបង្កើតឧស្សាហកម្មងើបឡើងថ្មីដែលនាំមក នូវឱកាសវិនិយោគកាន់តែច្រើន ហើយបច្ចុប្បន្ននេះ ការវាយតម្លៃចំពោះទីផ្សារភាគហ៊ុនរបស់ប្រទេសចិនមានកម្រិតទាបបង្គួរ ដូច្នេះ អនាគតវិនិយោគនៃទីផ្សារភាគហ៊ុនរបស់ចិនមានភាពល្អប្រសើរ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបន្តជំរុញកំណែទម្រង់នៃទីផ្សារមូលធន និងធ្វើឱ្យប្រព័ន្ធរបបមានសុក្រឹតភាពដើម្បីផ្តល់នូវបរិយាកាស វិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនអន្តរជាតិ ។ លើសពីនេះទៅទៀត វិសាលភាពនិងជម្រើសនៃការវិនិយោគលើពហុវិស័យ ក្នុងទីផ្សារមូលធន របស់ប្រទេសចិនមិនត្រូវមើលរំលងនោះឡើយ ។ ទីផ្សារនៃប័ណ្ណបំណុល មូលនិធិ សន្ទស្សន៍ ការជួញដូរឧបករណ៍និស្សន្ទនិងផលិតផលបន្ទាប់បន្សំជាដើម ទទួលបានការអភិវឌ្ឍដោយនឹងនរនិងលឿនបង្គួរដើម្បីផ្តល់ នូវជម្រើសវិនិយោគច្រកចេញចូលតែមួយដល់វិនិយោគិនសកល ។

បន្ទាប់ពីប្រទេសចិនឈានចូលដំណាក់កាលប្រកបដោយភាព នឹងនរនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនកែប្រែទេ ។ ប្រទេសចិនសូមស្វាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ និងអ្នកវិនិយោគដែលសមស្របនឹងលក្ខខណ្ឌមកពង្រីកការបណ្តាក់ទុន នៅប្រទេសចិនដើម្បីរួមគ្នាចែករំលែកភាគលាភ នៃកំណើនសេដ្ឋកិច្ចរបស់ចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា