(ប៉េកាំង)៖ កាលពីថ្ងៃទី ២៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុងZaozhuang ខេត្ត Shandong ។

ក្រុង Zaozhuang ជាកន្លែងដាំដើមផ្លែទទឹមដែលទំហំដាំដុះទទឹមធំជាងគេ ប្រភេទផ្លែទទឹមច្រើនជាងគេ និងខ្សែសង្វាក់ផលិតពេញលេញជាងគេក្នុងប្រទេសចិន។ លោក Xi Jinping បានចុះទៅឃ្លាំងធនធានគ្រាប់ពូជផ្លែទទឹម ពិនិត្យមើលពូជដើមផ្លែទទឹម ដើម្បីឈ្វេងយល់ពីប្រភេទដើមទទឹម ប្រវត្តិសាស្ត្រដាំទទឹម ការប្រមូលផ្តុំនិងរក្សាទុកធនធានគ្រាប់ពូជទទឹម និងការអភិវឌ្ឍឧស្សាហកម្មទទឹម។ បន្ទាប់មកលោកបានចូលទៅក្នុងចម្ការទទឹមសំណេះសំណាល់ជាមួយកសិករនិងអ្នកភូមិ។

ពេលបានដឹងថា ការខិតខំអភិវឌ្ឍឧស្សាហកម្មទទឹម បានបង្កើនកម្រិតប្រាក់ចំណូលរបស់អ្នកភូមិយ៉ាងខ្លាំង លោកសប្បាយចិត្តណាស់បានលើកឡើងថា ឥឡូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនកើនឡើងជារហូត ដូច្នេះហើយតម្រូវការចំពោះទីផ្សារផលិតផលពិសេស ដែលមានគុណភាពខ្ពស់ក៏បានកើនឡើងដែរ។ យើងត្រូវគាំពារម៉ាក់ល្បីរបស់ស្រុកកំណើត បន្តលើកកម្ពស់គុណភាពកសិផល ពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដើម្បីជំរុញឱ្យបងប្អូនកសិករចំនួនកាន់តែច្រើនឡើងៗ ទទួលបានជីវភាពធូរធារួមគ្នា។ ជូនពរអ្នកទាំងអស់ឱ្យមានជីវភាពកាន់តែល្អបវរ ដូចសំបកពណ៌ក្រហមនៃផ្លែទទឹមអ៊ីចឹង។

ឮសូមបញ្ជាក់ថា ខណ្ឌ Yicheng ក្រុង Zaozhuang ជាកន្លែងផលិតផ្លែទទឹមសំខាន់មួយរបស់ចិន ក្នុងចំណោមកន្លែងផលិតទទឹមសំខាន់ទាំង ៧ ធំៗ ដែលពេញមួយឆ្នាំផលិតផ្លែទទឹមបានប្រហែល ៥០លានគីឡូក្រាម។ កាលពីឆ្នាំ២០២២ តម្លៃផលិតផលសរុបក្នុងខណ្ឌនេះមានដល់ទៅ២៩៣០ លានយាន់ប្រាក់ចិន ពោលគឺ កសិករក្នុងតំបន់ផលិតផ្លែទទឹមនេះទទួលបានប្រាក់ចំណូលមួយឆ្នាំ ក្នុងមនុស្សម្នាក់ៗលើសពី ៣ម៉ឺនយាន់ប្រាក់ចិន។

កាលពីឆ្នាំ២០១០ ខណ្ឌនេះបានកសាងសារមន្ទីរវប្បធម៌ផ្លែទទឹមចិន ដើម្បីបង្ហាញនិងផ្សព្វផ្សាយនូវការប្រមូលផ្តុំ ការរក្សាទុក ការច្នៃប្រឌិតថ្មីនិងប្រើប្រាស់ ការសិក្សារស្រាវជ្រាវគ្រាប់ពូជទទឹមជាដើម។ ក្នុងសារមន្ទីរបានអភិរក្សកូនដើមផ្លែទទឹមចំនួនប្រហែល ១០០០ ដើមដែលធ្លាប់ត្រូវដឹកបញ្ជូនក្នុងអវកាសហើយដឹកមកភពផែនដីវិញ តាមរយៈយានអវកាសចិនឈ្មោះថា Shenzhou-12។ ការច្នៃប្រឌិតថ្មីដោយឥតឈប់ឈរ បានធ្វើឱ្យឧស្សាហកម្មផ្លែទទឹមទីនេះអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់និងប្រសិទ្ធិភាពខ្ពស់ ដែលបានជំរុញឱ្យកសិករទទួលបានផល កាន់តែច្រើនឡើងនិងបង្កើនប្រាក់ចំណូលជារហូត៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន