(ប៉េកាំង)៖ ថ្ងៃទី២៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសារទរ ចំពោះការបើកវេទិកាកំពូលស្តីពីគមនាគមន៍ ប្រកបដោយនិរន្តរភាពសកល។

លោក Xi Jinping បានគូសបញ្ជាក់ថា ការកសាងប្រព័ន្ធគមនាគមន៍ប្រកបដោយនិរន្តរភាពដែលប្រកបដោយសុវត្ថិភាព ភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ បៃតង សេដ្ឋកិច្ច បរិយាបន្ននិងរស់រវើក គឺជាវិធានការដ៏សំខាន់សម្រាប់គាំទ្រនិងបម្រើដល់ សេដ្ឋកិច្ចសង្គមដែលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្រេចបំណងដ៏ល្អប្រសើរស្តីពី “មនុស្សរីករាយក្នុងការធ្វើដំណើរ ការដឹកជញ្ជូនមានភាពរលូន” ។ ប្រទេសចិនកំពុងពន្លឿនការកសាងជាប្រទេសខ្លាំងខាងគមនាគមន៍ ខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកគមនាគមន៍សកល ផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួន។ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ប្រកាន់ខ្ជាប់គំនិតរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងចែករំលែកជាំមួយគ្នាដើម្បីធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍខាងវិស័យគមនាគមន៍ប្រកបដោយនិរន្តរភាពផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក ដើម្បីរួមចំណែកវិជ្ជមានក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន