(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ការវាយប្រហារភេរវកម្មមួយបានកើតឡើង នៅពេលដែលបុគ្គលម្នាក់ បានចោលគ្រាប់បែកប្រេងសាំង (Molotov Cocktail) លើអគារស្ថានទូតគុយបា ប្រចាំសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសគុយបា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសគុយបា​ បានឱ្យដឹងទៀតថាមិនមានមនុស្សណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះទេ ហើយតបតាម សំណើពីបេសកកម្មទូតគុយបា ក្រុមមន្ត្រីមកពីកងការពារសម្ងាត់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ដើម្បីផ្ទៀងផ្ទាត់ពីការវាយប្រហារ។ ក្រសួងក៏បានព្រមានដែរថាចន្លោះប្រហោងរបស់មន្ត្រីអនុវត្តច្បាប់អាមេរិក អាចនឹងជំរុញលើកទឹកចិត្តឱ្យមានការវាយប្រហាររបៀបនេះនៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសគុយបា នេះគឺជាការវាយប្រហារលើកទី២ហើយប្រឆាំងនឹងស្ថានទូតគុយបា ប្រចាំទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីខែមេសា ឆ្នាំ២០២០មក។ នៅពេលនោះ ពលរដ្ឋអាមេរិកម្នាក់មានដើមកំណើតគុយបា បានប្រើកាំភ្លើងវែងបាញ់រះលើអគារស្ថានទូតគុយបា។ ប៉ុន្តែជាសំណាងល្អ មិនមានមន្ត្រីគុយបាណាម្នាក់នៅក្នុងអគាររងរបួសនោះទេ ដោយគ្រាន់តែមានការខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។

អស់រយៈពេលជាង ៣ឆ្នាំមកហើយ ជនល្មើសនៅតែបន្តរង់ចាំសវនាការរបស់ខ្លួន ហើយរដ្ឋាភិបាលអាមេរិកមិនបានចាត់ទុកទង្វើនេះជាអំពើភេរវកម្មឡើយ។ តាមអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូត បានតម្រូវឱ្យសហរដ្ឋអាមេរិកចាត់វិធានការចាំបាច់នានា ដើម្បីការពារអគារស្ថានទូត ប្រឆាំងទៅនឹងរាល់ ការឈ្លានពាន ឬបង្កការខូចខាត និងទប់ស្កាត់រាល់ទង្វើបង្កការរំខានទាំងឡាយដល់សេចក្ដីសុខ ឬសេចក្ដីថ្លៃថ្នូរនៃស្ថានទូតបរទេស នៅលើទឹកដីរបស់ខ្លួន។

ក្រសួងការបរទេសគុយបា ថ្កោលទោសសកម្មភាពភេរវកម្មនេះ និងសង្ឃឹមថារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពស្របទៅតាមអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូត ដើម្បីបញ្ចៀសកុំឱ្យទង្វើបែបនេះកើតឡើងជាថ្មី៕

រូបភាពពី AP