(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានទទួលស្វាគមន៍មន្រ្តីជាន់ខ្ពស់ការបរទេសមកពីចិននិងជប៉ុន ដើម្បីបើកកិច្ចប្រជុំត្រីភាគីកម្រមួយ ដែលត្រូវបានមើលឃើញថា ហាក់មានគោលដៅព្យាយាមបន្ធូរបន្ថយក្តីកង្វល់របស់ទីក្រុងប៉េកាំង ជុំវិញការខិតខំបង្កើនកិច្ចសហប្រតិបត្តិរបស់​កូរ៉េខាងត្បូងនិងជប៉ុនជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំង២ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៉ីនតោន ប្រចាំនៅតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចពិភាក្សាជាន់ខ្ពស់ខាងលើ ក៏មានគោលដៅដើម្បីជំរុញការបន្តឡើងវិញ នូវកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំនៃប្រទេសទាំង៣ផងដែរ។ កិច្ចប្រជុំកំពូលត្រីភាគីនោះ ត្រូវបានប្រារព្ធឡើងជាលើកចុងក្រោយ កាលពីឆ្នាំ២០១៩។ សម្រាប់កិច្ចពិភាក្សានាថ្ងៃអង្គារនេះ គឺរួមមានវត្តមានលោក ឈុង ប៊្យុងវ៉ុន (Chung Byung-won) អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង, លោក តាកិហ៉ីរ៉ុ ហ្វូណាកូស៉ិ (Takehiro Funakoshi) អនុរដ្ឋមន្រ្តីជាន់ខ្ពស់ការបរទេសជប៉ុន ហើយនិងលោក ណុង រ៉ុង (Nong Rong) ឧបការីរដ្ឋមន្រ្តីការបរទេសចិន។

គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់ក្រុមអ្នកវិភាគ ទីក្រុងប៉េកាំងទំនងជានឹងព្យាយាម ប្រើប្រាស់អានុភាពនៃទំនាក់ទំនងពាណិជ្ជកម្ម​របស់ខ្លួន ជាមួយជប៉ុននិងកូរ៉េខាងត្បូង ដើម្បីទប់ទល់យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលកំពុងខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ហើយទីក្រុងប៉េកាំងនឹងលើកកម្ពស់ការធ្វើទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ព្រមទាំងបង្កើនការទាក់ទងនិងសន្ទនា​ជាមួយ ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូលើបញ្ហាសន្តិសុខក៏ដូចជាការពារជាតិ។

ទន្ទឹមគ្នា ខាងជប៉ុននិងកូរ៉េខាងត្បូងវិញ គឺប្រទេសទាំង២ ក៏មានចំណាប់អារម្មណ៍ផងដែរ ក្នុងការចៀសវាងជម្លោះ និងរក្សាទំនាក់ទំនង​ផ្នែកសន្តិសុខមួយ ដែលមានស្ថិរភាពជាមួយចិន ហើយអ្វីដែលកាន់តែសំខាន់ទៅទៀតនោះ គឺការជួយរបស់ទីក្រុងប៉េកាំង ក្នុងការបន្ថយសន្ទុះ ទោះមិនអាចបញ្ឈប់បានក៏ដោយ នូវកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

រូបភាពពី ​Yonhap