(អូតាវ៉ា)៖ ក្រុមបាតុករជាអ្នកកាន់សាសនាស៊ីគ (Sikhs) រាប់រយនាក់ ក្នុងប្រទេសកាណាដា បាននាំគ្នាធ្វើបាតុកម្ម នៅខាងក្រៅស្ថានបេសកកម្មទូតឥណ្ឌា កាលពីថ្ងៃចន្ទសប្តាហ៍នេះ មួយសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) លើកឡើងពីភាពជាប់ពាក់ព័ន្ធដែលអាចទៅរួចរវាង ទីក្រុងញូវដេលី និងការសម្លាប់មេដឹកនាំរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក ទ្រដូ បានប្រាប់សភាកាណាដាថាភ្នាក់ងារស៉ើបការណ៍សម្ងាត់កំពុងបន្តការចោទប្រកាន់ដ៏គួរឲ្យទុកចិត្តបាន អំពីទំនាក់ទំនងរបស់ទីក្រុងញូវដេលីទៅ នឹងការបាញ់សម្លាប់ពលរដ្ឋកាណាដា និងជាមេដឹកនាំអ្នកកាន់សាសនា Sikhs ម្នាក់ លោក ហាឌីព ស៉ីង នីចចា (Hardeep Singh Nijjar) អាយុ ៤៥ឆ្នាំ កាលពីខែមិថុនា នៅខេត្តប្រ៊ីដធីស ខូឡុំបៀ (British Columbia)។

ក្រុមអ្នកតវ៉ាប្រហែល ១០០នាក់នៅទីក្រុងតូរ៉ុនតូ (Toronto) បានដុតទង់ជាតិឥណ្ឌា និងយកស្បែកជើងវាយលើរូបភាពរបស់លោកនាយករដ្ឋមន្ត្រី ណារិន ដ្រាម៉ូឌី។ ចំណែក អ្នកតវ៉ាប្រហែល ២០០នាក់ទៀតប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលប្រចាំទីក្រុងវេនខូវឺ (Vancouver)។ នៅឯរដ្ឋធានីអូតាវ៉ា ឯណោះវិញ មនុស្សតិចជាង ១០០នាក់ក៏បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតផងដែរ ដើម្បីសម្តែងការប្រឆាំងចំពោះរដ្ឋាភិបាលឥណ្ឌា។

គួរបញ្ជាក់ថា ភាគខាងលិចប្រទេសកាណាដា គឺជាជម្រកសម្រាប់អ្នកកាន់សាសនា Sikhs ប្រហែល ៧៧០,០០នាក់ និងក្នុងចំនួនច្រើនបំផុតនៅខាងក្រៅ ស្រុកកំណើតរបស់ពួកគេ គឺរដ្ឋពុនចាប់ (Punjab) ហើយប៉ុន្មានឆ្នាំថ្មីៗនេះបាតុកម្មជាច្រើនបានកើតឡើងធ្វើឲ្យឥណ្ឌាខឹងសម្បារ៕

រូបភាពពី AP