(មូស្គូ)៖ ប្រមាណជាងបីខែមកហើយ ចាប់តាំងពីអ៊ុយក្រែនបានបើកដំណើរការវាយបក Counter Offensive ដណ្តើមយកទឹកដីរបស់ខ្លួនវិញ។ ផែនការ វាយដណ្តើមយកទឹកដីមកវិញនេះ បានប្រឈមនឹងឧបសគ្គជាច្រើនដោយសារតែរុស្ស៊ី បានរៀបចំយុទ្ធសាស្ត្រទប់ទល់ជាច្រើនខែរបស់ខ្លួនដោយការដាក់ របាំងឧបសគ្គរារាំងជាមួយនឹងគ្រាប់មីនជាច្រើនរាប់មិនអស់។ ផែនការគ្រោងទុករបស់អ៊ុយក្រែនមិនអាចធ្វើដំណើរដោយរលូនតាមអ្វីដែលបានគ្រោងទុក ពីមុនមកឡើយ។

ដូច្នេះអ៊ុយក្រែនត្រូវគេឃើញ បានផ្លាស់ប្តូរនូវយុទ្ធសាស្ត្ររបស់ខ្លួន។ អ៊ុយក្រែនបានប្តូរយុទ្ធសាស្ត្រវាយប្រហារដល់លើទឹកដីរបស់រុស្ស៊ីវិញតាមរយៈ ការប្រើដ្រូននិង អាវុធរយៈចម្ងាយឆ្ងាយដែលជាជំនួយរបស់ក្រុមប្រទេសលោកខាងលិច។ អ៊ុយក្រែន បានប្រើដ្រូនដើម្បីធ្វើតេស្តលើប្រតិកម្មរបស់រុស្ស៊ី នៅក្នុងការវាយប្រហារដាក់លើទឹកដីរុស្ស៊ី។ ការប្រើដ្រូននេះត្រូវគេឃើញបានធ្វើដាក់ទៅលើរដ្ឋធានីម៉ួស្គូផង និងលើតំបន់គ្រីមៀផង។ ប៉ុន្តែប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ក៏មិនមែនជាមនុស្សដែលចេះតែឱ្យគេវាយប្រហារតាមទំនើងចិត្តរបស់ខ្លួនបានឡើយ។ លោកពូទីនបានចាត់ទុកការវាយប្រហារ ដាក់លើទឹកដីរបស់លោកគឺជាសកម្មភាពបង្កសង្គ្រាមដាក់លើរុស្ស៊ីហើយ។ លោក វ្លាឌីមៀរ ពូទីន ត្រូវគេឃើញបានប្រើប្រាស់សម្តីព្រមាន និងគំរាមដាក់ លើអ៊ុយក្រែននិងលើអង្គការណាតូវិញជាមួយនឹងការធ្វើសង្គ្រាមនុយក្លេអ៊ែ័រ។

លោក ពូទីនបានថ្លែងថា «តាមទ្រឹស្តីការប្រើប្រាស់អាវុធនុយក្លេអ៊ែ័រតាក់ទិករបស់រុស្ស៊ីនឹងអាចធ្វើទៅបានហើយ»។ លោកបញ្ជាក់ថា «សម្រាប់រុស្ស៊ី ការប្រើប្រាស់អាវុធនុយក្លេអ៊ែ័រគឺនៅពេលណា ដែលករណីរុស្ស៊ីរងការគំរាមកំហែងពិតប្រាកដនៃអំពើវាយប្រហារដាក់មកលើទឹកដី នៃឯករាជ្យភាពរបស់ រុស្ស៊ីនិងមកលើអ្វីដែលកើតឡើងក្នុងបណ្តារដ្ឋរបស់រុស្ស៊ី»។ ប៉ុន្តែ រាល់ការវាយប្រហារដោយដ្រូន និងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយនៃជំនួយរបស់ ប្រទេសលោកខាងលិចនោះ នៅមិនទាន់ឃើញរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែ័រតាក់ទិករបស់ខ្លួនឡើយ ដែលជាសញ្ញាបង្ហាញថារុស្ស៊ីមិនទាន់រងនូវ ការគំរាមកំហែងពិតប្រាកដដែលនឹងតម្រូវឱ្យរុស្ស៊ីត្រូវប្រើអាវុធធុនធ្ងន់ប្រល័យលោកឡើយ។

ប៉ុន្តែនៅទន្ទឹមនឹងការឃើញអ៊ុយក្រែនចាប់ផ្តើមធ្វើតេស្តវាយដាក់លើទឹកដីរុស្ស៊ីជាបណ្តើរៗនោះមក, អង្គការណាតូ ត្រូវគេឃើញបានបង្កើនការពង្រឹង សមត្ថភាពរបស់ខ្លួនក្នុងលក្ខណៈត្រៀមទប់ទល់នឹងប្រតិកម្មរបស់រុស្ស៊ីផងដែរ។ អង្គការណាតូ ឬអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង គឺជាអង្គការដែល បានបង្កើតឡើងតាមរយៈសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនាឆ្នាំ១៩៤៩។ ក្នុងការបង្កើតលើកដំបូងនោះ មានប្រទេសជាហត្ថលេខាចូលរួមចំនួនតែ១៣ ប៉ុណ្ណោះទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អង្គការណាតូមាន សមាជិករបស់ខ្លួនចំនួន៣១ប្រទេសហើយក្នុងនោះ២៩ប្រទេសគឺជាប្រទេសក្នុងទ្វីបអឺរ៉ុបនិង ២ ប្រទេសទៀតស្ថិតក្នុងទ្វីបអាមេរិកខាងជើង។

សម្រាប់ឆ្នាំ២០២៣នេះ អង្គការណាតូនេះបានទទួលសមាជិកថ្មីរបស់ប្រទេសហ្វាំងឡង់ថែមទៀតដែលធ្វើឱ្យទឹកដីរបស់សមាជិកនៃអង្គការនេះកាន់តែ រំកិលកៀកមកជិតជាលំដាប់មកព្រំដែនខាងកើតក្បែរនឹងរុស្ស៊ី។ ចាប់តាំងពីប្លុកនៃអង្គការណាតូនេះ ត្រូវបានបង្កើតមក, ក្រុមប្លុកនេះ ត្រូវគេឃើញថា មិនមានការរំសាយចេញឡើយ ប៉ុន្តែមានតែបង្កើនសមាជិកជាបន្ថែមបើទោះបីជាមានការដួលរំលំនៃអតីតសហភាពសូវៀតនិងការបង្កើតក្រុមបក្ខសម្ព័ន្ធ យោធាវ៉ាសូវីដែលក្រោយមកបានរលាយ ទៅវិញក្រោយការដួលរលំអតីតសហភាពសូវៀតឆ្នាំ១៩៩១នោះមក។ ក្រុមប្រទេសដែលធ្លាប់បានចួលរួម ជាមួយនឹងបក្ខសម្ព័ន្ធយោធាវ៉ាសូវី ពីអតីតកាល ត្រូវគេឃើញបានមកចូលរួមជាសមាជិករបស់អង្គការណាតូនេះវិញ ដោយធ្វើឱ្យកំណើននៃបក្ខសម្ព័ន្ធ យោធាណាតូបានកើនចំនួន ហើយរំកិលទឹកដីនៃក្រុមបក្ខសម្ព័ន្ធនេះកាន់តែមកក្បែរនឹងព្រំដែនរបស់សហព័ន្ធរុស្ស៊ី។

ហើយមូលហេតុនេះហើយ បានប្រញាប់និងជំរុញឱ្យមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនត្រូវប្រញាប់ចាត់វិធានការរារាំង និងទប់ទល់ ពីព្រោះមានក្តីបារម្ភថា អ៊ុយក្រែននឹងអាចក្លាយជាសមាជិកថ្មីរបស់អង្គការណាតូជាបន្ថែមទៀត។ នេះជាមូលហេតុមួយ នៃការដឹកនាំប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីចូល ក្នុងទឹកដីអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២នោះមក។ សង្គ្រាមដែលបានអូសបន្លាយរយៈពេល៥៧៨ថ្ងៃគិតរហូតមកទល់នឹងថ្ងៃចន្ទ ទី២៥កញ្ញា ឆ្នាំ២០២៣នេះ គឺជាសង្គ្រាមដែលមិនទាន់ប៉ះទង្គិចគ្នារវាងរុស្ស៊ី និងអង្គការណាតូឡើយ បើទោះបីជាសម្ភារៈសឹកយោធានានាដែល អ៊ុយក្រែន ប្រើប្រាស់គឺជាឧបករណ៍សឹកទំនើបផ្តល់មកពីអង្គការណាតូនោះក្តី។

សង្គ្រាមនេះ គឺជាសង្គ្រាមដែលគេបានគូសឱ្យកើតឡើងតែក្នុងរង្វង់ទឹកដីអ៊ុយក្រែនដែលបានចោទថារុស្ស៊ីបានចូលកាន់កាប់ខុសច្បាប់ តែប៉ុណ្ណោះ បើទោះបីជាការវាយប្រហារខ្លះដោយដ្រូនបានរាលដាលចូលក្នុងរដ្ឋធានីម៉ូស្គូក៏ដោយ។ ចំណែក ការវាយប្រហារដាក់លើទឹកដីក្នុងតំបន់គ្រីមៀរវិញ ក៏ត្រូវអ៊ុយក្រែនចាត់ទុកថាជាទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីបានចូលកាន់កាប់ខុសច្បាប់ក្នុងឆ្នាំ២០១៤។

* តើជម្លោះរុស្ស៊ីនិងអ៊ុយក្រែននេះ នឹងអាចនាំឱ្យមានការវាយប្រហារដាក់គ្នារវាងរុស្ស៊ីនិង អង្គការណាតូដែរឬទេ?

តាមពិតរុស្ស៊ីបានចាត់ទុកជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាជម្លោះមិនផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូរួចទៅហើយតាមលក្ខណៈប្រើប្រាស់អ៊ុយក្រែន ជាឈ្នាន់។ ប៉ុន្តែការអាចនឹងប៉ះទង្គិចគ្នាដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ីនឹងអាចកើតមានទៅបានក្នុងចំណុច នៃលទ្ធភាពយ៉ាងហោចមួយចំនួន។
ភាពតានតឹងក្នុងតំបន់ឈូងសមុទ្ទខ្មៅបាននិងកំពុងកើតឡើងយ៉ាងស្រួចស្រាវ។ ចាប់តាំងពី រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដឹកជញ្ជួន គ្រាប់ធញ្ញជាតិនោះមក, រុស្ស៊ីបានធ្វើការវាយប្រហារដាក់លើកំពង់ផែដឹកជញ្ជួនគ្រាប់ធញ្ញជាតិអ៊ុយក្រែននិងលើកប៉ាល់របស់អ៊ុយក្រែនស្ថិត ក្នុងតំបន់ឈូង សមុទ្ទខ្មៅ។ ទោះជាយ៉ាងណាក៏ដោយ, កប៉ាល់ចម្បាំងរបស់អង្គការណាតូ និងយន្តហោះរបស់ខ្លួនត្រូវគេឃើញបានធ្វើកិច្ចការល្បាតនៅលើ តំបន់ឈូងសមុទ្ទខ្មៅនោះ។

បើសិនជាមានការគិតគូរខុសណាមួយបានកើតឡើងដោយសារតែការវាយប្រហារមីស៊ីលរបស់រុស្ស៊ី គឺអាចនឹងប៉ពាល់ដល់នាវារបស់អង្គការណាតូ ជាមិនខាន។ ចំណែក លទ្ធភាពមួយទៀតដែលនឹងអាចនាំឱ្យរុស្ស៊ី និងអង្គការណាតូផ្ទុះជាសង្គ្រាមដាក់គ្នា ទៅវិញទៅមកបាន គឺក្នុងលក្ខណៈណាដែល មានការវាយប្រហាររបស់រុស្ស៊ីដែលមានបំណងបាញ់ដាក់លើអ៊ុយក្រែន ដែលចូលសំចតលើទឹកដីប្រទេសជិតខាងដូចជាប្រទេសប៉ូឡូញ, ស្លូវ៉ាគី, ហុងគ្រី ឬរូម៉ានីជាដើម។ មាត្រា៥របស់អង្គការណាតូ បាននិយាយថាការវាយប្រហារណាមួយដាក់លើទឹកដីនៃប្រទេសដែលជាសមាជិករបស់អង្គការណាតូ គឺស្មើនឹងការវាយប្រហារដាក់លើអង្គការណាតូទាំងមូល។

ទោះជាយ៉ាងណាក៏ដោយ, វត្តមានរបស់អង្គការណាតូដែលជួយអ៊ុយក្រែនត្រូវបានរុស្ស៊ីចាត់ទុកជាការបង្កឡើងនូវភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ រួចទៅហើយ ជាពិសេសការពង្រីកនូវឥទ្ធិពលរបស់អង្គការណាតូកាន់តែកៀកមកក្បែរតំបន់ព្រំដែនរុស្ស៊ី និងការបើកភ្លើងបៃតងទទួលយកអ៊ុយក្រែន ក្លាយជាសមាជិកថ្មីមួយទៀតរបស់ណាតូនាពេលអនាគត។ ប្រសិនណាបើមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ីនិងអង្គការណាតូមែននោះ សង្គ្រាម នឹងរាលដាលក្លាយជាសង្គ្រាមលោកលើកទី៣ និងពិភពលោកមិនអាចគេចរួចនូវគ្រោះថ្នាក់ ដ៏ធំចំពោះមនុស្សជាតិបានឡើយ។

* បើសិនជាសង្គ្រាមរវាងអង្គការណាតូ និងរុស្ស៊ីកើតឡើងមែននោះ តើអ្នកណាជាអ្នកឈ្នះ?

គេមិនអាចធ្វើការសន្និដ្ឋានបានឡើយក្នុងពេលនេះ ប៉ុន្តែនៅជាមួយគ្នានេះ គឺត្រូវពិនិត្យមើលកម្លាំងទាំងសងខាងវិញតើភាគីណាមានកម្លាំងអ្វីខ្លះ?
បើមើលតាមរបាយការណ៍តាមឯកសារ កងកម្លាំងណាតូហាក់ដូចជាមានប្រៀបជាងកម្លាំងរបស់រុស្ស៊ីក្នុងក្របខណ្ឌលើកម្លាំងថ្មើរជើង។ អង្គការណាតូ ត្រូវគេរាយការណ៍ថាមានកម្លាំងទ័ពសរុបជិត៦លាននាក់ បើប្រៀបធៀបនឹងរុស្ស៊ីដែលមានកម្លាំងទ័ពរបស់ខ្លួនប្រមាណជាងមួយលាននាក់ ដែលម្នាក់ ស្មើនឹងជិត៦នាក់។ ប៉ុន្តែ រុស្ស៊ីមានប្រៀបនៅលើកម្រិតជាក់ស្តែងនៃចំនួនឧបករណ៍យោធា។

រុស្ស៊ីមានរថក្រោះ ជិត១៣ម៉ឺនគ្រឿង នោះគឺមានលើសអង្គការណាតូជាងមួយពាន់គ្រឿង និងរុស្ស៊ីក៏មានអាវុធ កាំភ្លើងត្បាល់ច្រើនជាងអង្គការណាតូ ផងដែរ។ សេចក្តីរាយការណ៍បង្ហាញថាកាំភ្លើងផ្លោង Artillery របស់ណាតូមាន ២ម៉ឺនគ្រឿង ចំណែកកាំភ្លើងផ្លោង Artillery របស់រុស្ស៊ីមានចំនួន ២ម៉ឺន៨ពាន់គ្រឿង។ ចំនួននេះក៏រាប់បញ្ចូលទាំងចំនួនមីស៊ីលបាញ់ផ្លោង Rocket Launchers រវាងភាគីទាំង២ផងដែរ ដែលរុស្ស៊ីមានច្រើនលើស អង្គការណាតូ។ ដូច្នេះ កម្លាំងឧបករណ៍ប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ រុស្ស៊ីមានប្រៀបលើសម្ភារៈនិងឧបករណ៍សឹកវាយប្រហារ។

ប៉ុន្តែ បើប្រៀបធៀបនឹងកម្លាំងអាកាស អង្គការណាតូមានចំនួនច្រើនជាងរុស្ស៊ី។ ណាតូមានយន្តហោះចម្បាំង២ម៉ឺន៦៣៣គ្រឿង ចំណែករុស្ស៊ីមានចំនួន ៤ពាន់១៨២គ្រឿង។ បើប្រៀបធៀបនឹងកម្លាំងជើងទឹកវិញ, ណាតូក៏មានប្រៀបច្រើនជាងរុស្ស៊ីផងដែរ។ សេចក្តីរាយការណ៍បង្ហាញថាកម្លាំងកងនាវា ជើងទឹករបស់ណាតូ មានជិត២ដងលើសកម្លាំងកងនាវាជើងទឹករុស្ស៊ី។ ប៉ុន្តែ នៅមានចំណុចពិសេសមួយទៀតដែលរុស្ស៊ីមានច្រើនជាងអង្គការណាតូ នោះ គឺអាវុធនុយក្លេអ៊ែ័រ។ រុស្ស៊ីមានក្បាលអាវុធនុយក្លេអ៊ែ័រជិត៦ពាន់ដើម ដែលចំនួននេះច្រើនជាងចំនួនក្បាលអាវុធនុយក្លេអ៊ែ័ររបស់សមាជិក នៃអង្គការណាតូទាំងមូលក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក, បារាំងនិងប្រទេសអង់គ្លេសផងដែរ។

ប្រទេសរុស្ស៊ីជាប្រទេសដែលមានក្បាលអាវុធនុយក្លេអ៊ែ័រច្រើនជាងគេបំផុត ដែលអាចធ្វើឱ្យពិភពលោកទាំងមូលនឹងប្រឈមរងគ្រោះដោយសារតែ អាវុធប្រល័យលោកនេះ។ ដូច្នេះបើ ទោះបីជាអង្គការណាតូមានប្រៀបខ្លះលើឧបករណ៍យោធារុស្ស៊ីមួយចំនួនណាក៏ដោយ ប៉ុន្តែ នឹងមិនអាចធ្វើឱ្យរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែ័រចុះញ៉មនឹងការធ្វើសង្គ្រាមដាក់គ្នាទៅវិញទៅ មកបានឡើយ។ សង្គ្រាមដែលកំពុងកើតឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី នាពេលនេះ គឺជាសង្គ្រាមដែលចង់ធ្វើឱ្យរុស្ស៊ីទន់ខ្សោយ ខណៈដែលរុស្ស៊ីកំពុងតែទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់អង្គការណាតូ។

បើទោះបីជាអ៊ុយក្រែនទទួលបានអាវុធទំនើបពីក្រុមបស្ចឹមប្រទេសដូចជាអាវុធ HIMARS, រថក្រោះ និងអាវុធទំនើបនានាពីក្រុមបស្ចឹមប្រទេសក៏ដោយ, អាវុធទំនើបទាំងនោះ មិនអាចមានលទ្ធភាពបំផ្លាញយុទ្ធសាស្ត្ររៀបចំរបស់រុស្ស៊ីបានដោយស្រួលដែរ។ អ៊ុយក្រែនត្រូវគេរាយ ការណ៍ថាបានរងនូវការខាត បង់ឧបករណ៍សឹកជាច្រើនណាស់នៅលើសមរភូមិវាយលុក។ ប៉ុន្តែ អ៊ុយក្រែនបានបន្តស្នើសុំអាវុធជាបន្ថែមទៀតពីអង្គការណាតូ។ សហរដ្ឋអាមេរិកបាន យល់ព្រមផ្តល់យន្តហោះចម្បាំង F16 ដល់អ៊ុយក្រែនថែមទៀតបន្ទាប់ពីរថក្រោះ Abram របស់ខ្លួន។ យន្តហោះចម្បាំង F16 របស់អាមេរិក គឺជាប្រភេទ យន្តហោះដែលអាចមានសមត្ថភាព បាញ់ និងទម្លាក់ក្បាលគ្រាប់នុយក្លេអ៊ែ័របានប៉ុន្តែមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានថ្លែងថា ទោះជាមានការផ្តល់ យន្តហោះ F16 ដល់អ៊ុយក្រែនក៏ដោយ ក៏យន្តហោះចម្បាំងនោះ ក៏មិន មែនបង្កជាឧបសគ្គដល់រុស្ស៊ីដែរ។

លោក ពូទីន បានថ្លែងថាការផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនបានធ្វើរួចមកហើយៗក៏កំពុងតែផ្តល់យន្តហោះចម្បាំង F16 មកជាបន្ថែមផងដែរ។ លោក ពូទីននិយាយថា «ដូចខ្ញុំបានបញ្ជាក់ មុននេះរួចមកហើយថា ក្នុងកន្លែងមួយនៅលើសមរភូមិ គឺមានការប៉ុនប៉ងវាយប្រហារដោយកងវរសេនាតូចចំនួន ២កងដែលមានការគាំទ្រដោយរថក្រោះចំនួន៥គ្រឿង និងក្នុងតំបន់មួយទៀតដែលមានមួយកងវរសេនាតូចកន្លះជាមួយនឹងការគាំទ្រដោយរថក្រោះ ២គ្រឿង, រថក្រោះមួយចំនួនដែលបានប្រើប្រាស់ទាំងនោះត្រូវបានបាញ់ឆេះរួមទាំងរថក្រោះប្រភេទ Leopards ផងដែរ។

ដូច្នេះ បើសិនជាឱ្យយន្តហោះចម្បាំង F16 មកទៀត ក៏នឹងត្រូវបាញ់ឆេះជាបន្ថែមទៀតដោយគ្មានការសង្ស័យឡើយ។ សេចក្តីរាយការណ៍បានបង្ហាញថា រុស្ស៊ីត្រូវការបង្កើនកម្លាំងរបស់ខ្លួនជាបន្ថែមទៀតប្រសិនបើចង់ប្រៀបផ្ទឹមនឹងយោធារបស់អង្គការណាតូ។ ប៉ុន្តែនៅជាមួយគ្នានេះ មេដឹកនាំរុស្ស៊ី មិនបាន ធ្វើកិច្ចការបង្កើនកម្លាំងយោធារបស់ខ្លួននេះតែម្នាក់ឯងឡើយ។ ប្រទេសបេឡារុស គឺជាប្រទេសមួយនៃសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ហើយរុស្ស៊ីក៏បាន ដាក់ ពង្រាយអាវុធនុយក្លេអ៊ែ័រតាក់ទិករបស់ខ្លួនលើទឹកដីបេឡារុសផងដែរ។ សេចក្តីរាយការណ៍ បានបង្ហាញថាទំនាក់ទំនងរវាងរុស្ស៊ី និងចិន ក៏មានភាព ខ្លាំងក្លានិងរីកចំរើនល្អជាមួយគ្នាថែមទៀតផងដែរ។ ប្រទេសទាំង ២បានធ្វើលំហាត់យោធារួមជាមួយគ្នាជាញឹកញាប់ និងសេចក្តីរាយការណ៍បង្ហាញថា មេដឹកនាំកំពូលរុស្ស៊ី និងចិន នឹងគ្រោងជួបគ្នានាពេលខាងមុខនេះថែមទៀតដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងប្រទេសទាំង២។

ប្រទេសរុស្ស៊ីវេលាចុងក្រោយនេះថែមទៀត នៅបានពង្រឹងចំណងទំនាក់ទំនងស្អិតល្មួតជា មួយនឹងប្រទេសកូរ៉េខាងជើងថែមទៀត ជាពិសេសបន្ទាប់ពី មានដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលក្រុមបស្ចឹមប្រទេសសង្ស័យថាកូរ៉េខាងជើងនឹងជួយផ្គត់ផ្គង់អាវុធនិង គ្រាប់រំសេវដល់រុស្ស៊ីដើម្បីការធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន។ លោក គីម ជុងអ៊ុនក្នុងដំណើរទស្សនកិច្ចនោះ បានប្រាប់លោកពូទីនថាកូរ៉េខាងជើង ត្រៀមខ្លួនជាស្រេច ដើម្បីឈរជាមួយរុស្ស៊ីប្រឆាំងនឹងចក្រពត្តិនិយម និងកម្លាំងអនុត្តរភាពនិយម ដែលសម្តីនេះគឺ ជាការនិយាយដាក់ចំពោះ សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច ខណៈដែលរុស្ស៊ីបានសន្យាជួយកូរ៉េខាងជើងលើសមត្ថភាពបច្ចេកទេសអភិវឌ្ឍ ផ្កាយរណបឈ្លបយកការណ៍យោធា។

សេចក្តីរាយការណ៍បាននិយាយថាបើសិនជារុស្ស៊ី, បេឡារុស, ចិននិងកូរ៉េខាងជើង បង្កើតនូវកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិសុខរួមគ្នាមួយ, ការចង សម្បាច់គ្នានេះ នឹងអាចក្លាយជាឧបសគ្គដ៏ធំមួយចំពោះសហរដ្ឋអាមេរិក និងអង្គការណាតូជាមិនខាន ដោយសារតែសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺជាប្រទេស ដែលមានកងកម្លាំងយោធា, កងទ័ពជើងទឹក និងកងកម្លាំងអាកាស រឹងមាំខ្លាំងក្លាជាមួយនឹងអាវុធនុយក្លេអ៊ែ័ររបស់គេរៀងៗខ្លួន គួបផ្សំនឹងរុស្ស៊ីដែល មហាអំណាចពិភពលោកនៅតែខ្លាចនឹងអាវុធនុយក្លេអ៊ែ័ររបស់រុស្ស៊ីនៅឡើយទេ។ ដូច្នេះបើសិនជារុស្ស៊ីនិងអង្គការណាតូបានប៉ះទង្គិចគ្នាដោយផ្ទាល់មែន នោះគ្រោះមហន្តរាយ ពិភពលោកនឹងមិនអាចចៀសវាងបានឡើយដោយសារតែគ្រោះថ្នាក់អាវុធនុយក្លេអ៊ែ័រ៕

រូបភាពពី Gulf News