(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះបានបញ្ជូនសារព្រមាន ធ្ងន់ៗទៅកាន់កូរ៉េខាងជើង ដោយនិយាយថារបបដឹកនាំទីក្រុងព្យុងយ៉ាង អាចនឹងត្រូវដល់ថ្ងៃអវសានដោយដៃសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើហ៊ានប្រើអាវុធនុយក្លេអ៊ែរបើកការវាយប្រហារណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ​Yonhap។

លោក យូន ធ្វើការព្រមានខាងលើ អំឡុងថ្លែងសុន្ទរកថាមួយនៅឯមូលដ្ឋានទ័ពអាកាស Seoul Air Base ក្នុងតំបន់ Seongnam ដើម្បីរំលឹក ដល់ទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៥ ដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែតុលា។ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងត្រូវតែដឹងខ្លួនឯងឱ្យច្បាស់ថាអាវុធនុយក្លេអ៊ែរមិនអាចធានាសន្តិសុខរបស់ខ្លួនបាននោះទេ...ដូច្នេះប្រសិនបើកូរ៉េខាងជើង ហ៊ាន ប្រើអាវុធនុយក្លេអ៊ែរ នោះរបបបរបស់ពួកគេនឹងត្រូវដល់ថ្ងៃអវសាន ដោយសារការឆ្លើយតបពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា​ បើតាមលោក យូន កូរ៉េខាងត្បូង នឹងបន្តពង្រឹងបន្ថែមនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដោយផ្អែកលើមូលដ្ឋាន សម្ព័ន្ធភាពដែកថែបរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាដៃគូទាំងអស់៕

រូបភាពពី Nikkei