(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា បានអះអាងថាខ្លួនបានដក «របាំងបណ្ដែតទឹក» ចេញដោយជោគជ័យ នៅឯ តំបន់ជម្លោះថ្មប៉ប្រះទឹកមួយក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីលចោទថាត្រូវបានដំឡើងដោយចិន ដើម្បីរារាំងប្រជាជន ហ្វីលីពីនពីការចូលទៅនេសាទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសខាងលើរបស់ឆ្មាំសមុទ្រហ្វីលីពីន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេក្វាដូ អាណូ (Eduardo Ano) បានសន្យាថានឹងចាត់វិធានការសមស្រប ដើម្បីដក របាំងបណ្ដែតទឹកដែលត្រូវបានដំឡើងនៅតំបន់ថ្មប៉ប្រះទឹក Scarborough ដោយឆ្មាំសមុទ្រចិននេះចេញ។

គួរបញ្ជាក់ថា របាំងបណ្ដែតទឹកមានប្រវែងដល់ទៅ ៣០០ម៉ែត្រ ត្រូវបានប្រទះឃើញនៅឯច្រកចូលទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough កាលពីសប្ដាហ៍មុន អំឡុងបេសកកម្មជាទម្លាប់ធម្មតាមួយរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការផ្គត់ផ្គង់ទៅដល់អ្នកនេសាទ ហ្វីលីពីន ស្ថិតនៅក្បែរដែនតំបន់ថ្មប៉ប្រះទឹកគ្រប់គ្រងដោយចិន។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើឆ្មាំសមុទ្រហ្វីលីពីន បានដករបាំងបណ្ដែតទឹកនោះចេញទាំងស្រុង ឬក៏យ៉ាងណានោះទេ៕

រូបភាពី AFP