(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថារថក្រោះប្រយុទ្ធអាមេរិក Abrams ត្រូវបានប្រគល់ដល់ដៃ អ៊ុយក្រែនហើយ ដែលនេះនឹងជួយពង្រឹងបន្ថែមនូវសមត្ថភាពកងកម្លាំងទីក្រុងកៀវ ខណៈពួកគេកំពុងព្យាយាមវាយទម្លុះខ្សែការពារនៃ កងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកាសរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអ៊ុយក្រែនអះអាងថាខ្លួន បានសម្លាប់មេបញ្ជាការម្នាក់នៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ នៅក្នុងការវាយប្រហារដោយមីស៊ីលមួយគ្រាប់លើទីស្នាក់ការ កងទ័ពជើងទឹករុស្ស៉ីនៅតំបន់គ្រីមៀ កាលពីសប្ដាហ៍មុន។

ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «រថក្រោះ Abrams បានមកដល់អ៊ុយក្រែនហើយ និងកំពុងត្រៀមលក្ខណៈដើម្បីពង្រឹងកងកម្លាំងរបស់យើង»។ លោក ហ្សេលេនស្គី មិនបានបញ្ជាក់ថាតើអ៊ុយក្រែនទទួលបានរថក្រោះ Abrams ប៉ុន្មានគ្រឿងនោះទេ ហើយក៏មិនបានឱ្យដឹងថាតើត្រូវប្រើពេលប៉ុន្មាន ដើម្បីបញ្ជូនរថក្រោះអាមេរិកដ៏ទំនើបមួយនេះទៅប្រើ នៅឯសមរភូមិនោះដែរ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់រថក្រោះ Abrams ចំនួន ៣១គ្រឿងសម្រាប់អ៊ុយក្រែន កាលពីដើមឆ្នាំ២០២៣ នៅក្រោមក្របខណ្ឌនៃជំនួយយោធាទំហំ ៤៣ពាន់លានដុល្លារ ដែលសន្យាផ្ដល់ដោយសហរដ្ឋអាមេរិក ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

រូបភាពពី AFP