(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីសប្ដាហ៍មុន បាននិយាយថាប្រទេសរបស់លោក មានព័ត៌មានសម្ងាត់គួរឱ្យជឿជាក់បានថារដ្ឋាភិបាលឥណ្ឌា អាចមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ម្នាក់ នៅលើទឹកដីកាណាដា។​ តាមធម្មតា ការអះអាងពី ព័ត៌មានប្រភេទនេះពីសំណាក់ប្រទេសលោកខាងលិច តែងតែទទួលបានការចាប់អារម្មណ៍ និងការបញ្ចេញប្រតិកម្មភ្លាមៗ ពីសំណាក់បណ្ដាប្រទេសលោកខាងលិចនានា ដើម្បីចេញមុខគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន។ ក៏ប៉ុន្តែនៅលើកនេះ លោកខាងលិចបែរជាបិទមាត់ស្ងាត់ឈឹង ហើយប្រុងប្រយ័ត្នក្នុងការអត្ថាធិប្បាយជុំវិញជម្លោះការទូតដែលកាន់តែក្ដៅគគុករវាងកាណាដា និងឥណ្ឌា។

ឥណ្ឌាជាមហាអំណាចលេចមុខថ្មីមួយ ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃ កំពុងយកចិត្តយកថ្លើម ដើម្បីទប់ទល់នឹងការកើនឡើង ឥទ្ធិពលចិន។ ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Trudeau កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងញូវដេលីធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូល G20 កំពុងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិចស្ថិតនៅលើគោលជំហរមួយដ៏ពិបាក។

មកទល់នឹងម៉ោងនេះ គ្មានសម្ព័ន្ធមិត្តសំខាន់ៗណាមួយ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ឬក៏ នូវែលសេឡង់ ដែល សុទ្ធសឹងតែជាប្រទេសស្ថិតក្នុងក្រុមប្រទេសអង្គការភ្នែកម្នាស់ទាំង ៥ «Five Eyes» ជាមួយកាណាដាដែរនោះ ចេញមុខគាំទ្រ ឬបន្ទរតាមពីក្រោយ ការចោទប្រកាន់របស់លោក Trudeau ដូចដែលពួកគេធ្លាប់ធ្វើកន្លងមកក្នុងនាមជាសម្ព័ន្ធមិត្តនោះឡើយ។ បណ្ដាប្រទេសទាំងនេះបានបង្ហាញក្ដីបារម្ភ របស់ពួកគេ និងបានជំរុញឱ្យមានការស៊ើបអង្កេតពេញលេញ។ ប៉ុន្តែគ្មាននរណាមួយថ្កោលទោសឥណ្ឌា សម្រាប់ការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ឈ្មោះ Hardeep Singh Nijjar នៅលើទឹកដីកាណាដា។ តើនេះមកពីហេតុអ្វីទៅ?

តាមក្រុមអ្នកជំនាញខ្លះ ហេតុផលចម្បង គឺដោយសារតែប្រទេសទាំងនោះរួមទាំងសហរដ្ឋអាមេរិក ត្រូវ​ការឥណ្ឌាជាចាំបាច់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ ប៉ាស៊ីហ្វិករបស់ខ្លួន ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន។ ម្លោះហើយ ទើបពួកគេមិនហ៊ានមាត់កខ្លាចធ្វើឱ្យញូវដែលីទាស់ចិត្ត ឬធ្វើឱ្យខូចដល់ ប្រយោជន៍យុទ្ធសាស្ត្ររបស់ពួកគេជាមួយឥណ្ឌា។ «ឥណ្ឌាមានសារៈសំខាន់បំផុត នៅក្នុងយុទ្ធសាស្ត្ររបស់លោកខាងលិច ដើម្បីទប់ទល់ជាមួយចិន ពោលគឺមិនមែនកាណាដានោះទេ ឬអាចនិយាយឱ្យងាយស្ដាប់ បណ្ដាប្រទេសលោកខាងលិចផ្សេងទៀតមើលលើឥណ្ឌា ធ្ងន់ជាងកាណាដា»។ នេះជា ការកត់សម្គាល់របស់លោកស្រី Stephanie Carvin ជាសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Carleton មានមូលដ្ឋានក្នុងទីក្រុង អូតាវ៉ា ប្រទេសកាណាដា។ តែយ៉ាងនេះក្ដី មូលហេតុមិនមែនមានត្រឹមតែប៉ុណ្ណឹងទេ។

* ចក្រភពអង់គ្លេស កំពុងស្ថិតលើជំហរដ៏លំបាក
ឥណ្ឌា គឺជាមហាអំណាចសេដ្ឋកិច្ចលេចមុខថ្មីមួយ ដែលក្រុមអ្នកវិភាគជាច្រើនជឿថាអាចនឹងវ៉ាដាច់ជប៉ុន និងអាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ច លេខ៣ នៅលើពិភពលោក នៅឆ្នាំ២០៣០។ ឥណ្ឌាសព្វថ្ងៃ ក៏បានក្លាយជាមេដឹកនាំពិភពលោកមួយនៅក្នុងកិច្ចការពិភពលោកផងដែរ ជាមួយប្រជាជន ជាង ១.៤ពាន់លាននាក់ និងមានយោធាស្ថិតក្នុងចំណោមមហាអំណាចយោធាធំៗរបស់ពិភពលោក។ ការលេចត្រដែតរបស់ឥណ្ឌា នៅលើឆាកអន្តរជាតិ បែបនេះឯង ដែលបង្កផលលំបាកដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់កាណាដា ហើយដែលក្នុងនោះក៏ជាដៃសំខាន់ៗរបស់ឥណ្ឌាផងនោះ ក្នុងការនិយាយស្ដី។

លោក ស៊ូសហាន់ ស៊ីង (Sushant Singh) ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់មកពី Centre for Policy Research មានមូលដ្ឋានក្នុងទីក្រុងញូវដែលី បាននិយាយថាដរាបណា លោកខាងលិចនៅតែត្រូវការឥណ្ឌា ដើម្បីទប់ទល់ជាមួយចិន នោះពួកគេចាំបាច់ត្រូវតែសម្លឹងមើលទៅឆ្ងាយ។ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ លោក Trudeau បាននិយាយថារដ្ឋាភិបាលរបស់លោកមានព័ត៌មានសម្ងាត់គួរឱ្យទុកចិត្តបានថារដ្ឋាភិបាលឥណ្ឌាអាចមានជាប់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ឈ្មោះ Hardeep Singh Nijjar មានអាយុ៤៥ឆ្នាំ ដោយខ្មាន់កាំភ្លើង២នាក់ នៅក្នុងខេត្ត British Columbia កាលពីខែមិថុនាកន្លងទៅ។ ជម្លោះការទូត បានកើតឡើងក្រោយការលើកឡើងរបស់លោក Trudeau ដោយឥណ្ឌា និងកាណាដាបានបណ្ដេញ មន្ត្រីការទូតគ្នាទៅវិញទៅមក។ ឥណ្ឌាបានច្រានចោលការចោទប្រកាន់ និងបានផ្អាកការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋកាណាដា។

ការចោទប្រកាន់របស់រដ្ឋាភិបាលកាណាដា បាន និងកំពុងបង្កបញ្ហាឈឺក្បាល់ដល់ចក្រភពអង់គ្លេស ដែលកំពុងព្យាយាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយឥណ្ឌា។ អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak គឺលោក Max Blain បានលើកឡើងថា «វាជាការចោទប្រកាន់ប្រកដប្រជា ហើយ នេះជាសិទ្ធិរបស់អាជ្ញាធរកាណាដាក្នុងការស្វែងរកការពិត»។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ច្បាស់ៗថា «ករណីឃាតកម្មខាងលើនឹងមិនត្រូវបាន លើកឡើងក្នុងកិច្ចចរចាពាណិជ្ជកម្មនោះទេ ដ្បិតវាជាកិច្ចចរចាពាណិជ្ជកម្ម ហើយយើងក៏មិនចង់ទាញភ្ជាប់ទៅនឹងបញ្ហាដទៃនោះដែរ»។ តាមអ្នកជំនាញ ដូចជាលោក ឈីធីគ បាចផាអ៉ី (Chietigj Bajpaee) មកពីវិទ្យាស្ថាន Chatham House ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកំពុងស្ថិតចន្លោះរវាងការគាំទ្រ កាណាដា និងការប្រថុយធ្វើឱ្យឥណ្ឌាខឹងសម្បារ។ លោកបន្ថែមថា «ប្រសិនបើមិនមានភស្តុតាងបញ្ជាក់ឱ្យច្បាស់ៗពីការចូលរួមរបស់ឥណ្ឌាទេ ខ្ញុំគិតថា អង់គ្លេសនឹងបន្តរក្សាភាពស្ងៀមស្ងាត់...ព្រោះថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (ជាមួយឥណ្ឌា) គឺជាជោគជ័យដ៏ធំមួយខាងនយោបាយសម្រាប់ទាំងឥណ្ឌា និងចក្រភពអង់គ្លេស»។

* ឯណាទៅ «គុណតម្លៃសិទ្ធិមនុស្ស»?
បើតាមរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly លោក Trudeau បានពិភាក្សាពីអំពើឃាតកម្មលើលោក Nijjar ជាមួយលោក Sunak និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ប៉ុន្តែខណៈការបញ្ចេញប្រតិកម្មរបស់សម្ព័ន្ធមិត្តលោកខាងលិចមានភាពស្ងប់ស្ងាត់ ការិយាល័យលោកស្រី Joly និងសេតវិមាន បានបដិសេធសេចក្ដីរាយការណ៍ដែលថានៅប៉ុន្មានថ្ងៃមុនការចោទប្រកាន់របស់លោក Trudeau កាណាដា បានបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដទៃទៀតថ្កោលទោសជាសាធារណៈចំពោះអំពើឃាតកម្មនោះ។ អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថារាល់សេចក្ដីរាយការណ៍ដែលថាសហរដ្ឋអាមេរិក ទាស់ទែងជាមួយកាណាដាគឺជារឿងមិនពិត។ «យើងពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Trudeau ហើយបន្តរក្សាការទាក់ទងជាប្រចាំជាមួយកាណាដា។ ពួកគេកំពុងធ្វើការស៊ើបអង្កេតដែលមិនគួរមានការរំខានឡើយ»។ នេះការបញ្ជាក់របស់លោក John Kirby។

តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថាទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយឥណ្ឌា នៅតែមានសារៈសំខាន់បំផុត មិនមែនសម្រាប់តែតំបន់ អាស៊ីខាងត្បូងប៉ុណ្ណោះទេ តែក៏សម្រាប់តំបន់ប៉ាស៊ីហ្វិកផងដែរ។ សហរដ្ឋអាមេរិកក៏ត្រូវបានគេមើលឃើញដែរថាកំពុងផ្ដល់ការគាំទ្រដល់កាណាដា មិនលើសពី លក្ខណៈសីលធម៌នោះទេ ដោយវ៉ាស៊ីនតោនប្រហែលជាចង់ទុករឿងដែលបានកើតឡើងត្រឹមតែជាទំទាស់ ឬបញ្ហាទ្វេភាគីរវាងកាណាដា និងឥណ្ឌា តែប៉ុណ្ណោះ។ ជុំវិញសំណុំរឿងនេះដែរ លោក Robert Bothwell ជាអ្នកប្រវត្តិសាស្ត្រ និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Toronto បានសង្កត់ធ្ងន់ដូច្នេះថា « វាជារឿង អាម៉ាស់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែ សហរដ្ឋអាមេរិកមានប្រយោជន៍ដ៏ធំដែលត្រូវគិតគូរ»។ លោកបន្តថាទោះជាការចោទប្រកាន់របស់លោក Trudeau គឺជាការពិតក៏ដោយ ក៏រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នឹងមិនរងផលរំខានពីគុណតម្លៃនីតិរដ្ឋ ឬក៏ការប្ដេជ្ញាចិត្តចំពោះប្រជាធិបតេយ្យ នោះដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដា មិនបានបង្ហាញភស្តុតាងណាមួយបញ្ជាក់ថាឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Nijjar នោះទេ។ ប៉ុន្តែមន្ត្រីអាមេរិក ម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាឆន្ទៈរបស់លោក Trudeau ក្នុងការនិយាយត្រូវបានសេតវិមានចាត់ទុកថាជា ការចអង្អុលបង្ហាញពីភាពប្រាកដប្រជារបស់មេដឹកនាំកាណាដា ចំពោះអ្វីដែលត្រូវបានរកឃើញ។ លោក Nijjar ដែលកើតក្នុងប្រទេសឥណ្ឌា និងជាពលរដ្ឋ កាណាដាផងនោះត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯវិហារអ្នកកាន់សាសនា Sikh ស្ថិតនៅក្នុងទីក្រុង Surrey នៃខេត្ត British Columbia កាលពីខែមិថុនា កន្លងទៅនេះ។ លោក Nijjar ជាមនុស្សម្នាក់ដែលអាជ្ញាធរឥណ្ឌាតាមចាប់ខ្លួនជាច្រើនឆ្នាំមកហើយ ដោយចោទរូបលោកថាមានជាប់ពាក់ព័ន្ធនឹង ចលនាផ្ដាច់ទឹកដីឈ្មោះ «Khalistan» ដែលចង់បង្កើតប្រទេសឯករាជ្យមួយ នៅលើទឹកដីឥណ្ឌា៕