(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះថា សហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការ នូវប្រជាជាតិប៉ាស៊ីហ្វិក នៃប្រជុំកោះ Cook និង Niue ថាជា «រដ្ឋអធិបតេយ្យ និងឯករាជ្យ» ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្នុងតំបន់ ក្នុងគោលបំណងបីរាំងខ្ទប់ឥទ្ធពិលចិននៅក្នុងតំបន់ប៉ាស៉ីហិ្វកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកាសនេះបានធ្វើឡើងក្នុងកិច្ចចាប់ផ្តើម នៃកិច្ចប្រជុំកំពូលជាមួយវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន ១៨ ប្រទេសចូលរួម ដោយមន្ត្រីអាមេរិកបាននិយាយថា ប្រធានាធិបតីកំអាមេរិក កំពុងប្រកាសជំហររបស់អាមេរិក ដែលកាន់តែមានទំនុកចិត្តនៅក្នុងតំបន់។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុងវ៉ាស៊ីនតោនទទួលស្គាល់កោះ Cook និង Niue ជាប្រទេសមាន «អធិបតេយ្យភាព និងឯករាជ្យ» ហើយថានឹងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងពីរទៀតផង។

លោក Biden បានសង្កត់ធ្ងន់ថា វិធានការនេះនឹងជួយរក្សា «តំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ»។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងទទួលស្គាល់របស់ប្រទេសទាំងពីរ ក៏នឹងជួយកាត់បន្ថយការនេសាទខុសច្បាប់ ដោះស្រាយបញ្ហារប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។។

គួរបញ្ជាក់ថា រួមគ្នារវាងកោះ Cook និង Niue មានប្រជាជនតិចជាង ២០,០០០នាក់រស់នៅប៉ុណ្ណោះ ប៉ុន្តែពួកគេបង្កើតបានជាតំបន់សេដ្ឋកិច្ចដ៏ធំទូលាយមួយនៅប៉ាស៊ីហ្វិកខាងត្បូង។ រដ្ឋទាំងពីរគឺជារដ្ឋស្វ័យគ្រប់គ្រងនៅក្នុង «សមាគមសេរី» ជាមួយប្រទេសនូវែលសេឡង់ ដែលមានន័យថា គោលនយោបាយការបរទេស និងការពារជាតិរបស់ពួកគេ ត្រូវបានផ្សារភ្ជាប់ទៅនឹងទីក្រុង Wellington ទៅតាមកម្រិតផ្សេងៗគ្នា៕

រូបភាពពី AFP