(ឡុងដ៍)៖ ជាក់ស្តែង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបរាជ័យ​ក្នុងការផ្តល់សំណងដល់ជនជាតិអ៊ីរ៉ាក់ ដែលត្រូវបានទទួលរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ពីរទសវត្សរ៍បន្ទាប់ពីភស្តុតាងបង្ហាញថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើបាបអ្នកទោសនៅក្នុងពន្ធនាគារ នៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចាប់ខ្លួនជនជាតិអ៊ីរ៉ាក់ប្រហែល ១០០,០០០ នាក់នៅចន្លោះឆ្នាំ ២០០៣ និង ២០០៩ បន្ទាប់ពីការលុកលុយរបស់អាមេរិកលើអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការផ្សេងទៀតបានចងក្រងឯកសារអំពីការធ្វើទារុណកម្ម និងការរំលោភបំពានផ្សេងទៀត ដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ អ្នករស់រានមានជីវិតពីការរំលោភបំពាននេះ បានព្យាយាមទាមទារស្វែងរកយុត្តិធម៌ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលការទទួលស្គាល់តិចតួចពីបញ្ហានេះ និងគ្មានផ្តល់សំណងអ្វីឡើយ។

អ្នកស្រី Sarah Yaeger នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «២០ឆ្នាំក្រោយមក ជនជាតិអ៊ីរ៉ាក់ដែលត្រូវបានធ្វើទារុណកម្ម ដោយមន្ត្រីសហរដ្ឋអាមេរិក នៅតែមិនមានផ្លូវច្បាស់លាស់ក្នុងការប្តឹងទាមទារ ឬទទួលបានសំណង ឬការទទួលស្គាល់ណាមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ»

លោកស្រីបានបន្ថែមដូច្នេះទៀតថា «មន្ត្រីសហរដ្ឋអាមេរិក ពួកគចង់ចាកចេញពីការធ្វើទារុណកម្មនៅអតីតកាល ប៉ុន្តែផលប៉ះពាល់រយៈពេលវែងនៃការធ្វើទារុណកម្មនោះ នៅតែជាការពិតប្រចាំថ្ងៃសម្រាប់ប្រជាជនអ៊ីរ៉ាក់ជាច្រើន និងក្រុមគ្រួសាររបស់ពួកគេ»

រូបភាពពី AFP