(មូស្គូ)៖ រុស្ស៊ីនៅថ្ងៃចន្ទនេះបានប្រកាស ដាក់ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Pyotr Hofmansky ទៅក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ជាការសងសឹងនឹងស្ថាប័នមួយនេះ ដែលបានដាក់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួន កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

​ក្រសួង​មហាផ្ទៃ​រុស្ស៊ីបានជូនដំណឹងនៅក្នុងមូលដ្ឋានទិន្នន័យរបស់ខ្លួនដូច្នេះថា «លោក Hofmansky ដែលជាជនជាតិប៉ូឡូញ ត្រូវរងដីកាចាប់ខ្លួន នៅក្រោមបទព្រហ្មទណ្ឌ នៃសហព័ន្ធរុស្ស៉ី»។

គួរបញ្ជាក់ថា កាលពីខែមីនា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួន លោក ពូទីន ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៃការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏បានចេញដីកាចាប់ខ្លួន លោកស្រី Maria Lvova Belova ស្នងការប្រធានាធិបតីរុស្សីទទួលបន្ទុកសិទ្ធិកុមារផងដែរ ពីបទចោទប្រកាន់ស្រដៀងគ្នា។ ជាការឆ្លើយតប រុស្ស៊ី​ក៏ធ្លាប់បាន​ចេញ​ដីកា​ចាប់​ខ្លួន​ព្រះរាជអាជ្ញា ​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក Karim Khan និង​ចៅក្រម​មួយ​ចំនួនផងដែរ។

រុស្ស៊ី ដែល​មិន​មែន​ជា​សមាជិក​ នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) អះអាង​ថា ដីកា​ចាប់​ខ្លួន​លោក ពូទីន គឺ​មិន​ត្រឹមត្រូវ​ទេ។ កាលពីខែកញ្ញា ICC បានបើកការិយាល័យមួយនៅប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យកងកម្លាំងរុស្ស៊ីទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសដែលគាំទ្រដោយលោកខាងលិចមួយនេះ៕

រូបភាពពី AP