(តូក្យូ)៖ ថ្នាំព្យាបាលដ៏សំខាន់សម្រាប់ប្រឆាំងជំងឺចាស់វង្វេងវង្វាន់ អាល់ហ្សាយមើ (Alzheimer's) ទើបតែទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ ពីសំណាក់អាជ្ញាធរនិយតករជប៉ុន បន្ទាប់ពីថ្នាំនេះទើបតែទទួលបានការផ្តល់ភ្លើងបៃតង នៅសហរដ្ឋអាមេរិកកាលពីខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ជប៉ុនបានក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានផ្តល់ការអនុម័តយល់ព្រមចំពោះ ថ្នាំមានឈ្មោះថា Lecanemab ឬ Leqembi ដែលអភិវឌ្ឍដោយ ក្រុមហ៊ុនឱសថជប៉ុន Eisai រួមជាមួយក្រុមហ៊ុន Biogen ដែលជាដៃគូនៅសហរដ្ឋអាមេរិក។ វានឹងជាថ្នាំដំបូងនៅជប៉ុន ដែលព្យាបាលទាំងដើមចមនៃជំងឺ Alzheimer's ហើយពន្យឺតការវិវត្តទៅមុខនៃស្ថានភាពជំងឺនេះ។ ការអនុម័តនេះគឺជាដំណឹងវិជ្ជមានមួយសម្រាប់ប្រទេសជប៉ុន ដែលមានប្រជាជនវ័យចំណាស់កាន់តែច្រើនឡើងៗ យ៉ាងឆាប់រហ័ស។ ប្រជាជនជប៉ុនខ្ទង់ជាង៦លាននាក់ កំពុងរស់នៅជាមួយជំងឺនេះ។
ក្រុមហ៊ុន Eisai ក៏កំពុងព្យាយាមស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំខាងលើរបស់ខ្លួន នៅទីផ្សារដទៃទៀតផងដែរ រួមមានទាំងអឺរ៉ុបនិងចិន។ ក្រុមហ៊ុនព្យាករថា ប្រាក់ចំណូលបានមកពីការលក់ថ្នាំ Leqembi នឹងកើនដល់១ទ្រីលានយេន ស្មើនឹង៦.៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣០។ ខណៈក្រុមហ៊ុន Eisai កំណត់តម្លៃថ្នាំនេះថ្លៃ២៦,៥០០ដុល្លារក្នុង១ឆ្នាំ នៅសហរដ្ឋអាមេរិក តម្លៃរបស់វានៅជប៉ុន នឹងត្រូវកំណត់ដោយរដ្ឋាភិបាល នៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា យោងតាមអង្គការ Alzheimer's Disease International ជំងឺ Alzheimer's គឺជាប្រភេទជំងឺរង្វេងស្មារតីដែលសម្បូរជាងគេ ដោយវាប៉ះពាល់ដល់មនុស្សជាង ៥៥លាននាក់នៅទូទាំងសកលលោក ហើយតួលេខនេះត្រូវគេរំពឹងថា នឹងកើនទ្វេដងរៀងរាល់រយៈពេល២០ឆ្នាំ៕
រូបភាពពី Bloomberg រូបភាពពី Kyodo