(បាគូ)៖ ទីភ្នាក់ងារសន្តិសុខអាស៊ៃបៃហ្សង់ បានអំពាវនាវដល់ពលរដ្ឋអាមេនីដែលរស់នៅក្នុងតំបន់ Nagorno-Karabakh ចៀសវាងប្រព្រឹត្តសកម្មភាពខុសច្បាប់ ហើយប្រគល់អាវុធ និងគ្រាប់រំសេវរបស់ពួកគេមកឲ្យអាជ្ញាធរឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសន្តិសុខអាស៊ៃបៃហ្សង់ បានបញ្ជាក់ថា «សូមអំពាវនាវដល់ពលរដ្ឋនៃតំបន់ Karabakh បដិសេធនូវរាល់សកម្មភាពដែលគំរាមកំហែងដល់ការអភិវឌ្ឍនៃតំបន់ទាំងមូល។ ធ្វើសមាហរណកម្មដោយសន្តិវិធីចូលទៅក្នុង សង្គមអាស៊ៃបៃហ្សង់ ដោះស្រាយបញ្ហាសង្គម មនុស្សធម៌ ការពារនីតិរដ្ឋ ស្ថិរភាព និងសន្តិសុខសាធារណៈ»។
សេចក្តីថ្លែងការណ៍ដដែលនោះបានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលអាស៊ៃបៃហ្សង់ សូមធានាការពារយ៉ាងពេញលេញនូវសិទ្ធិ សេរីភាពរបស់បុគ្គលដែលមានសញ្ជាតិអាមេនី និងដែលបានប្រគល់អាវុធ អនុលោមតាមច្បាប់របស់អាស៊ៃបៃហ្សង់»។
គួរបញ្ជាក់ថា អាស៊ៃបៃហ្សង់ បានប្រយុទ្ធគ្នាដណ្ដើមគ្រប់គ្រងតំបន់ Nagorno-Karabakh អស់រយៈពេលជាង៣០ឆ្នាំ។ ក្រោយការប្រកាសជោគជ័យរបស់អាស៊ៃបៃហ្សង់លើតំបន់នោះ ជនជាតិអាមេនីច្រើនជាង១,០០០នាក់បានចាប់ផ្តើមរត់ភៀសខ្លួន ខណៈលោកនាយករដ្ឋមន្រ្តីអាមេនី ផាស៉ីនយ៉ាន (Nikol Pashinyan) ត្រូវប្រឈមមុខនឹងការទាមទារឲ្យចុះចេញពីតំណែង៕
រូបភាពពីក្រសួងការពារជាតិអាស៊ៃបៃហ្សង់