(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បាននិយាយថា ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ ដែលស្របតាមច្បាប់ដើម្បីរារាំងនិង​បណ្តេញទូកហ្វីលីពីន នៅតំបន់ដែលមានបញ្ហាជម្លោះនៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការអត្ថាធិប្បាយដូចខាងលើ ក្រោយកាលពីថ្ងៃអាទិត្យ ហ្វីលីពីនបានចោទប្រកាន់មកលើចិន ពាក់ព័ន្ធការដំឡើងរនាំងអណ្តែតទឹកមួយ នៅក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough ហើយអះអាងថា វាបានរារាំងមិនឱ្យហ្វីលីពីន អាចធ្វើដំណើរចូលទៅនិងធ្វើការនេសាទ ក្នុងតំបន់នោះបាន។ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសហ្វីលីពីន ក៏បានលើកឡើងផងដែរថា រនាំងអណ្តែតទឹកនោះ គឺរំលោភច្បាប់អន្តរជាតិ ហើយបានបញ្ជាក់ថា ហ្វីលីពីននឹងចាត់វិធានការសមស្របនានា ដើម្បីការពារអធិបតេយ្យ ព្រមទាំងជីវភាពរស់នៅនៃប្រជានេសាទហ្វីលីពីន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ឆ្មាំសមុទ្ររួមជាមួយបុគ្គលិកការិយាល័យជលផលរបស់ហ្វីលីពីន បានប្រទះឃើញ រនាំងអណ្តែងទឹកខាងលើ ដែលមានប្រវែងប្រហែលជា៣០០ម៉ែត្រ អំលុងសកម្មភាពល្បាតជាប្រចាំមួយ កាលពីថ្ងៃសុក្រនៅក្បែរតំបន់ Scarborough Shoal៕

រូបភាព AFP