(បាងកក)៖ កាលពីព្រឹកថ្ងៃចន្ទនេះ កងកម្លាំងប៉ូលិសនៅប្រទេសថៃ បានចុះឆែកឆេរផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិថៃម្នាក់ ដោយសកម្មភាពនោះ គឺជាផ្នែកនៃការបើកប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ដែលមានគោលដៅលើបណ្តាញល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ផ្ទះនៅកណ្តាលរាជធានីបាងកករបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) ដែលជាអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ស្ថិតក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែង ក្នុងខេត្ត-ក្រុងចំនួន៦ ដែលត្រូវបានចុះឆែកឆែរដោយ កងកម្លាំងប៉ូលិសប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនោះ ត្រូវបានធ្វើឡើងពាក់ព័ន្ធការស៉ើបអង្កេតទៅលើ វែបសាយល្បែងស៉ីសងមួយហៅថា «Betflix» ហើយនិងវែបសាយពាក់ព័ន្ធចំនួន១២ទៀត។
លោក ស៊ូរ៉ាឆេត បាននិយាយថា ប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញវត្ថុឬរឿងខុសច្បាប់អ្វីឡើយ ហើយលោកបានអះអាងថា រូបលោកមិនមានទំនាក់ទំនង ជាមួយបណ្តាញល្បែងស៉ីសងអនឡាញណាមួយនោះទេ។ យ៉ាងណាមិញ មន្រ្តីប៉ូលិសចំនួន៧នាក់ ដែលធ្វើការនៅក្រោមលោក ស៊ូរ៉ាឆេត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរចម្លើយ។ លោក ស៊ូរ៉ាឆេត បានបន្តថា ការចុះឆែកឆេរផ្ទះរបស់លោក គឺជាសកម្មភាពមិនប្រក្រតីមួយ ហើយលោកបាននិយាយថា វាហាក់ដូចមានការប៉ុនប៉ងដេញជើងគ្នាផ្ទៃក្នុង នៅក្នុងជួរប៉ូលិសថៃ។
គួរបញ្ជាក់ថា ការបើកប្រតិបត្តិការខាងលើ គឺកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមានការជ្រើសរើសអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ខណៈលោក ស៊ូរ៉ាឆេត ត្រូវគេសង្ស័យអាចជាបេក្ខជនដែលត្រូវឡើងកាន់តំណែងបន្ត បើទោះបីលោកបានប្រកែកថា មិនយ៉ាងដូច្នោះក៏ដោយ។ លោក ស៊ូរ៉ាឆេត ស្ថិតក្នុងចំណោមអគ្គស្នងការរងចំនួន៤រូប ដែលសុទ្ធតែមានលទ្ធភាពក្លាយជា អគ្គស្នងការនគរបាលជាតិថ្មីនៃប្រទេសថៃ នៅពេលនាយឧត្តមសេនីយ៍ ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) ដែលជាអគ្គស្នងការនគរបាលជាតិថៃបច្ចុប្បន្ន ចូលនិវត្តនៅចុងខែកញ្ញានេះ៕
រូបភាពពី Bangkok Post
រូបភាពពី The Pattaya News
រូបភាពពី AFP