(កៀវ)៖ នៅថ្ងៃចន្ទនេះ យោធាអ៊ុយក្រែនបាននិយាយថា ស្រ្តីម្នាក់បានរងរបួស ហើយអគារនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ បានរងការខូចខាត​ក្នុងកម្រិតធ្ងន់ អំលុងការវាយប្រហាររបស់រុស្ស៉ី កាលពីវេលាយប់ចន្លោះថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទនេះ ដោយប្រើប្រាស់យន្តហោះដ្រូននិងមីស៉ីល មកលើកំពង់ផែទីក្រុងអូដេសា (Odesa) ភាគខាងត្បូងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ទីបញ្ជាការដ្ឋានភូមិភាគខាងត្បូងរបស់យោធាអ៊ុយក្រែន បានឱ្យដឹងថា កំពង់ផែសមុទ្រនៅឯទីក្រុង Odesa បានទទួលរងការខូចខាតធ្ងន់ធ្ងរ ខណៈអគ្គិភ័យបានកើតមាននៅអគារសណ្ឋាគាររបស់កំពង់ផែ ក៏ប៉ុន្តែអគារនោះលែងដំណើរការប៉ុន្មានឆ្នាំមកហើយ ហើយក្រុមពន្លត់អគ្គិភ័យ បាននាំគ្នាពន្លត់ភ្លើងឱ្យរលត់ទៅវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នា ស្រ្តីម្នាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ក្រោយរងរបួសក្នុងពេល​មានការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ យោធាអ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបាញ់ដ្រូនសរុប១៩គ្រឿង រួមជាមួយមីស៉ីលគ្រូស ១២គ្រាប់ និងមីស៉ីលល្បឿនលឿនជាងសំឡេង Onyx ២គ្រាប់ សំដៅមកកំពង់ផែ Odesa ប៉ុន្តែដ្រូនទាំង១៩គ្រឿង និងមីស៉ីលគ្រូស Kalibr ១១គ្រាប់ ត្រូវបានបាញ់ស្កាត់។

គួរបញ្ជាក់ថា ចាប់តាំងពីខែកក្កដាមក នៅពេលដែលទីក្រុងមូស្គូដើរចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយសុវត្ថិភាពកាត់តាមតំបន់សមុទ្រខ្មៅ រុស្ស៉ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែន នៅតំបន់ Odesa និង Mykolaiv៕

រូបភាពពី AFP