(វ៉ាស៉ីនតោន)៖ បេសកកម្មអវកាសដែលមានរយៈពេលសរុប៧ឆ្នាំ បានឈានដល់ចុងបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលប្រអប់ខាប់ស៊ុលមួយ (capsule) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលផ្ទុកគំរូតាងអាចម៍ផ្កាយ បានមកដល់ផ្ទៃផែនដីដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមអ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមខ្ពស់ថា គំរូតាងខាងលើនឹងជួយបង្កើនការយល់ដឹងរបស់យើង អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យ ក៏ដូចជា​អំពីដំណើរវិវត្តន៍របស់ផែនដី ដែលបានប្រែក្លាយជាភពដែលអាចទ្រទ្រង់ជីវិតបាន។ បេសកកម្ម OSIRIS-REx ត្រូវបានបញ្ជូនចេញពី​ផែនដីកាលពីឆ្នាំ២០១៦ ហើយ៤ឆ្នាំក្រោយមក វាបានចុះចតលើ អាចម៍ផ្កាយមួយឈ្មោះ Bennu ដើម្បីប្រមូលគំរូតាងក្នុងទម្រង់ជាកម្ទេចដីនិងធូលី ដែលបើតាម NASA គឺមានទម្ងន់ប្រហែល២៥០ក្រាម ពីលើផ្ទៃរបស់វា។ មកទល់ឥឡូវ ទើបគំរូតាងនោះត្រូវបានយកមកដល់ផែនដី ហើយវា​កំពុងត្រូវបញ្ជូនបន្តទៅកាន់ មន្ទីរពិសោធសម្រាប់ការវិភាគសិក្សា ខណៈ NASA គ្រោងប្រកាសពីលទ្ធផលបឋមរបស់ខ្លួន ក្នុងសន្និសីទកាសែត នៅខែក្រោយ។

គួរបញ្ជាក់ថា ខាងលើគឺជាបេសកកម្មប្រមូលគំរូតាងអាចម៍ផ្កាយលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក។ បេសកកម្មជប៉ុន Hayabusa-2 ក៏បាននាំយកគំរូតាងពីអាចម៍ផ្កាយមួយ ឈ្មោះ Ryugu កាលពីឆ្នាំ២០២០ផងដែរ ប៉ុន្តែបរិមាណគំរូតាងនោះ បើធៀបជាមួយបេសកកម្ម OSIRIS-REx គឺតិចជាងឆ្ងាយ។ អាចម៍ផ្កាយក្នុងទីអវកាស រួមផ្សំឡើងពីសមាសធាតុដើម នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយ​មានអាយុកាលប្រហែល៤.៥ពាន់លានឆ្នាំ៕

រូបភាពពី AFP