(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងប្រកាសពីការបើកស្ថានទូតនៅក្នុងប្រទេសដែនកោះ Cook Islands និង Niue ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានគេមើលឃើញថា ដើម្បីរាំងខ្ទប់ឥទ្ធពិលចិននៅក្នុងតំបន់ប៉ាស៉ីហិ្វកខាងត្បូង។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកាសអំពីបេសកកម្មការទូតថ្មីនេះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ធ្វើឡើងចំពេលដែលលោក បៃដិន កំពុងរៀបចំស្វាគមន៍មេដឹកនាំមកពី តំបន់ប៉ាស៉ីហ្វិក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់វេទិកាកោះប៉ាស៊ីហ្វិក-សហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃ។ កិច្ចពិភាក្សាត្រូវបានគេរំពឹងថា នឹងផ្តោត យ៉ាងខ្លាំងទៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់នោះ។

អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) ​បានឲ្យដឹងថា លោក បៃដិន នឹងប្រើប្រាស់វេទិកានេះដើម្បីពង្រឹង «ទំនាក់ទំនងជាមួយកោះក្នុងតំបន់ប៉ាស៉ីហ្វិក និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមសកល ដូចជាការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»

គួរបញ្ជាក់ថា មេដឹកនាំកោះក្នុងតំបន់ប៉ាស៉ីហ្វិក បានរិះគន់ប្រទេសអ្នកមានថាធ្វើការមិនបានគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងការប្រែប្រួលអាកាសធាតុ។ លោក បៃដិន បានដាក់គោលដៅធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយប៉ាស៊ីហ្វិកចំពេលដែលសហរដ្ឋអាមេរិក ព្រួយបារម្ភអំពីការកើនឡើងនៃឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិន៕

រូបភាពពី AP